(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល តាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានប្តេជ្ញាអនុវត្តនូវសេវាកម្មរបស់ក្រុមគ្រូពេទ្យរដ្ឋ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនានា ឱ្យមានភាពរហ័សរហួន និងយកចិត្តទុកដាក់ឱ្យបានខ្ពស់ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការ។

ការប្រកាសប្តេជ្ញារបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានធ្វើឡើងក្រោយពីមានបទបញ្ជាពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្គាប់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យមើលសេវាកម្មរបស់ក្រុមគ្រូពេទ្យ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនានា ដើម្បីកុំឲ្យមានភាពយឺតយ៉ាវក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការទាំងឡាយ ដែលទទួលបានសេវាកម្មព្យាបាលជំងឺ ដោយមិនគិតថ្លៃ។

លោក ម៉ម ប៊ុនហេង បានអំពាវនាវដល់ក្រុមគ្រូពេទ្យរដ្ឋទាំងអស់ សកម្មក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជូនបងប្អូនកម្មករ​ កម្មការីនី​ កីឡាករ​ និងមន្ត្រីរាជការឱ្យកាន់តែល្អថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានណែនាំដល់ មន្រ្តីសុខាភិបាលទាំងឡាយ ជាពិសេសក្រុមគ្រូពេទ្យរដ្ឋ មិនឱ្យមានការព្រងើយកន្តើយចំពោះអ្នកជំងឺនោះទេ ហើយជួយសង្រ្គោះអ្នកជំងឺជាធំ។

សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធនេះបានបង្គាប់ឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យមើលសេវាកម្មរបស់ក្រុមគ្រូពេទ្យ នៅតាមបណ្តា មន្ទីរពេទ្យរដ្ឋនានា ដើម្បីកុំឲ្យមានភាពយឺតយ៉ាវក្នុងការពិនិត្យ និងព្យាបាលជំងឺជូនកម្មករ កម្មការិនី កីឡាករ និងមន្រ្តីរាជការទាំងឡាយ ដែលទទួលបានសេវាកម្មពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចទី២៖ គឺត្រូវតាមដាននូវកិច្ចការដែលចាប់អនុវត្ត ការពិនិត្យ ព្យាបាលជំងឺ ដោយមិនត្រូវបង់ថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ រដ្ឋមន្រ្តីក្រសួងសុខាភិបាល រដ្ឋមន្រ្តីក្រសួងការងារ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវធ្វើកិច្ចការងារនេះឱ្យប្រាកដប្រជា មិនអាចឱ្យប្រកាស គ្រាន់តែជាការប្រកាសទេ»

សម្តេចតេជោបានបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ តទៅ កម្មករ-កម្មការិនីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយកីឡាករ កីឡាការិនីទាំងអស់ នឹងទទួលបាននូវការពិនិត្យព្យាបាល ដោយឥតគិតថ្លៃតាមមន្ទីរពេទ្យរដ្ឋ។ ដោយឡែកមេភូមិ អនុភូមិ ជំនួយការភូមិក៏ដូចជាក្រុមប្រឹក្សាឃុំ/សង្កាត់ ទូទាំងប្រទេសទាំងអស់ នឹងត្រូវអនុវត្តដូចកម្មករដែរ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «អញ្ចឹងត្រូវពិនិត្យលើបញ្ហានេះ ឱ្យបានហ្មត់ចត់ កុំឱ្យដល់ពេលហ្នឹង កម្មករទៅ គ្រូពេទ្យអត់ទាន់ទទួលបានបទបញ្ជា ត្រូវប្រយ័ត្នកន្លែងនេះ ព្រោះកុំឱ្យបទបញ្ជា និងអ្វីដែលសម្រេចដោយគណៈរដ្ឋមន្រ្តី សម្រេចដោយនាយករដ្ឋមន្រ្តី ចង្អុលបង្ហាញខ្វះប្រសិទ្ធភាព​ក្នុងពេលដែលយើងអនុវត្ត»