(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលជាឈ្នួញរកស៊ីដីធ្លី បានប្រើរូបភាពបោកប្រាស់ដោយយកប្លង់ដីក្លែងក្លាយទៅបង្ហាញអ្នកទិញ រហូតលួងលោមបោកបញ្ឆោតបានប្រាក់ រហូតដល់៥០ម៉ឺនដុល្លារ ស្រាប់តែបុគ្គលរូបនោះ បានរត់គេចខ្លួនរហូតមិនចេញមកទទួលខុសត្រូវនោះឡើយ។
ដើមបណ្ដឹងដែលចាញ់បោកជនសង្ស័យនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ករណីនេះបានកើតឡើងតាំងពីអំឡុងខែមីនា ឆ្នាំ២០១៥មកម្ល៉េះ ដោយជនឆបោកនេះ មានឈ្មោះ ទូច ប្រុសល័ក្ខ អាយុ៣៣ឆ្នាំ។
ដើមបណ្ដឹងបានបន្ដថា នៅពេលនោះឈ្មោះ ទូច ប្រុលល័ក្ខ បានប្រាប់ថា មានដីជាច្រើនហិចតាដែលប្រមូលទិញពីប្រជាពលរដ្ឋ ចំនួន២កន្លែង ស្ថិតនៅភូមិព្រែកតូច ឃុំស្ពានដែក និងភូមិព្រែកបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល និងមួយកន្លែង នៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ដោយពួកគេបានយកប្លង់បង្ហាញទីតាំងដី ចុះហត្ថលេខាដោយមេភូមិ និងមេឃុំមកបង្ហាញ។
ពេលនោះជនរងគ្រោះក៏មានទំនុកចិត្ត ដោយសារជាមនុស្សធ្លាប់ស្គាល់គ្នា ក៏បានប្រគល់ប្រាក់ដើម្បីទិញដីទាំង២កន្លែងនោះ រហូតដល់៥០ម៉ឺនដុល្លារ ប៉ុន្ដែធាតុពិតក្រោយពីបានលុយហើយ ជនសង្ស័យបានរត់គេចខ្លួនរហូត។
ដោយសារដឹងថា ខ្លួនបាញ់បោកទឹកប្រាក់ជាច្រើនបែបនេះ ជនរងគ្រោះបានដាក់ពាក្យប្ដឹងទៅតុលាការរាជធានីភ្នំពេញ រហូតចៅក្រមបានចេញដីកាតាមចាប់ខ្លួន និងសម្រេចដាក់ពន្ធនាគារ ២ឆ្នាំ ព្រមទាំងឲ្យផ្ដល់សំណង់ដល់ដើមបណ្ដឹង ចំនួន៣០ម៉ឺនដុល្លារ។
សម្រាប់ករណីនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
ជាមួយគ្នានេះ ជនរងគ្រោះបានអំពាវនាវ ដល់សមត្ថកិច្ចគ្រប់រាជធានី ខេត្តទាំងអស់សូមជួយចាប់ខ្លួនជនបោកប្រាស់ខាងលើនេះ មកផ្តន្ទាទោសតាមច្បាប់៕