(កំពង់ធំ)៖ លោក ឡង គីស៊ឹង អភិបាលស្រុកសណ្តាន់ ខេត្តកំពង់ធំ បានដាស់តឿនដល់ប្រជាពលរដ្ឋទូទាំងស្រុក ដែលមានបំណងចង់ទៅធ្វើការងារនៅក្រៅប្រទេស ត្រូវទៅដោយស្របច្បាប់ បើទោះបីទៅជាលក្ខណៈបុគ្គលក្តី ឬក្រុមហ៊ុនក្តី។ បញ្ហាចំណាកស្រុក ទៅធ្វើការងាររបស់បងប្អូនត្រូវតែស្របច្បាប់ ដែលមានទាំងលិខិតឆ្លងដែន និងទិដ្ឋាការការងារដែលទទួលស្គាល់ ដោយក្រសួងការងារផងដែរ។ បើសិនបងប្អូនពិបាកស្វែងរកការធ្វើនោះបងប្អូន អាចទៅទំនាក់ទំនង សួរនៅការិយាល័យរដ្ឋបាលស្រុករបស់បងប្អូន ឬទៅសាកសួរនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។
លោក ឡង គីស៊ឹង បានថ្លែងបែបនេះ ក្នុងឱកាសលោកអញ្ជើញជាអធិបតីភាពក្នុងពិធី ស្វែងយល់អំពីចំណាកស្រុកក្រោមប្រធានបទ «ការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងរៀបចំអាហា បន្ថែមដល់កុមារអាយុ៦ខែ ទៅ២៣ខែ នៅពេលចំណាកស្រុក ដែលរៀបចំដោយអង្គការ អាដ្រាកម្ពុជា ប្រចាំខេត្តព្រះវិហារ និងខេត្តកំពង់ធំ នៃគម្រោងអោប (EMBRACE) (គម្រោងថែទាំសុខភាពមាតា និងទារកតាមរយៈការថែទាំ និងការចូលរួមពីសហគមន៍) ដែលឧបត្ថម្ភដោយ កិច្ចការសកល នៃរដ្ឋាភិបាលកាណាដា និងអង្គការអាដ្រា កាណាដា ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាពជំនាញកងកម្លាំប្រដាប់អាវុធ អាជ្ញាធរ ឃុំ ភូមិ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រមាណជិត៥០០នាក់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅសាលាស្រុកសណ្តាន់។
លោក ឡង គីស៊ឹង បានបន្តថា ក្រោមការងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកបញ្ហាសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់ពេល ទោះស្ថិតក្នុងកាលៈទេសៈយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានខិតខំបង្កើតការងារ នៅក្នុងប្រទេសយ៉ាង ច្រើនដោយខ្លួនឯង ឬការប្រកបមុខរបរនៅក្នុងប្រទេសកម្ពុជា ជាពិសេស ក្នុងសហគមន៍របស់ខ្លួន គឺជាការល្អបំផុតដែលកាត់បន្ថយហានិភ័យការងារ។
លោកអភិបាលស្រុក បានបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំស្វែងរកក្រុមហ៊ុនបរទេស និងក្រុមហ៊ុនក្នុងស្រុកដើម្បីបង្កើនការងាដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុក ដែលជាផ្នែកមួយជួយលើកតម្កើនសេដ្ឋកិច្ច ប្រជាពលរដ្ឋរបស់យើងសព្វថ្ងៃនេះ។ នៅប្រទេសយើងក៏មាន ក្រុមហ៊ុន សហគ្រាស រោងចក្រ និងចំការដំណាំជាច្រើន ដែលត្រូវការកម្លាំងពលកម្មរបស់ប្រជាជនកម្ពុជាយើង៕