(ភ្នំពេញ)៖ ស្ថានីយវិទ្យុ NRG 89FM បានរៀបចំកម្មវិធី «NRG MUSIC AWARDS 2017» ដោយបានចាត់ចំណាត់ថ្នាក់ បទចម្រៀងល្បីៗ ដែលទទួលបានការសំណូមពរ ឬពេញនិយមខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តអ្នកស្ដាប់ ដោយតារាចម្រៀងល្បីៗទាំងនោះ បានទទួលនូវការលើកទឹកចិត្ត យ៉ាងធំធេង ដោយបានប្រគល់ពានរង្វាន់ នៅថ្ងៃនេះ។ ជាមួយគ្នានេះ តារាចម្រៀងល្បីៗ មានដូចជា នាង មាស សុខសោភា, លោក ឆាយ វិរៈយុទ្ធ, ក្រុមក្មេងខ្មែរ, លោក ហាក់ រីខត, កញ្ញា សុខ ពិសី, លោក ម៉ម ពេជ្ជរិទ្ធ និងលោក ថៃ អតិជាតិបុត្រ គឺសុទ្ធសឹងតែទទួលបានពានរង្វាន់ឆ្នើម ទាំងអស់នេះ។

កម្មវិធី «NRG MUSIC AWARDS 2017» គឺជាកម្មវិធីប្រគល់ពានរង្វាន់ រៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្តដល់យុវជនខ្មែរ ដែលមានទេពកោសល្យ គំនិតច្នៃប្រឌិត និងមានស្នាដៃ ក្នុងការតាក់តែងនិពន្ធ ព្រមទាំងផលិតនូវ​បទចម្រៀងថ្មីៗ។​ កម្មវិធី «NRG MUSIC AWARDS 2017» គឺជាកម្មវិធីប្រគល់ពានរង្វាន់ជូន ចំពោះតារាចម្រៀង ដែលមានប្រជាប្រិយភាពបំផុត ប្រចាំឆ្នាំប្រចាំ​ស្ថានីយវិទ្យុ NRG89FM។

តារាចម្រៀង ឆាយ វិរៈយុទ្ធ ដែលជាអ្នកទទួលបានពានម្នាក់ ក្នុងចំណោមតារាចម្រៀងជាច្រើន ​បានថ្លែងឲ្យដឹងថា លោកមានក្ដីរំភើបរីករាយយ៉ាងខ្លាំង ពេលដែលខ្លួនទទួលបានពាន ដោយសារតែមានការគាំទ្របទចម្រៀង ច្រើនលើសលុប ពីសំណាក់អ្នកគាំទ្រ ហើយនេះជាឱកាសទី១ ក្នុងឆាកជីវិត ជាតារាចម្រៀងក្នុងប្រទេសកម្ពុជាច្រើនឆ្នាំមកហើយ ដែលមានថ្ងៃកាន់ពានរង្វាន់ នៅក្នុងដៃបែបនេះ។

លោក ឆាយ វីរៈយុទ្ធ បានថ្លែង​ទាំងក្ដីរំភើបប្រាប់ ​ឲ្យដឹងថា «បាទបង.! ខ្ញុំពិតជាមានអារម្មណ៍រំភើប រីករាយក្រៃលែង ដោយមិននឹកនឹកស្មានថា ខ្លួនអាចទទួលបាននូវ​សមិទ្ធផលមួយនេះ។ រយៈពេលជាង១០ឆ្នាំ តាំងពីប្រឡូកចូលអាជីពជាតារាចម្រៀង នេះគឺជាលើកទី១ សម្រាប់ខ្ញុំបាទផ្ទាល់ ដែលមានឱកាសកាន់ពានរង្វាន់ មួយនេះ»។

តារាចម្រៀងលំដាប់ជួរមុខ ប្រចាំផលិតសាន់ដេ បានបន្តថា «ទោះបីជាការទទួលពានរង្វាន់នេះ មិនមែនជារង្វាន់លំដាប់អន្ដរជាតិ ប៉ុន្តែសម្រាប់រូបខ្ញុំបាទផ្ទាល់ មានអារម្មណ៍រីករាយជាខ្លាំង ព្រោះនាពេលកន្លងមក ពុំធ្លាប់មានបណ្ដាកម្មវិធីណា មកទាក់ទងឲ្យរូបខ្ញុំបាទ ទទួលយកពានរង្វាន់ណាស់ ហើយនេះជាកម្លាំងចិត្តយ៉ាងធំធេង សម្រាប់ខ្ញុំដើម្បីបន្ដស្វែងរក នូវអ្វីដែលថ្មី ប្លែកបម្រើអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ ក៏ដូចជាអ្នកគាំទ្របន្តទៀត»។

លោក ឆាយ វីរៈយុទ្ធ បានបន្ថែមថា «ខ្ញុំបានសូមសំនូមពរ ទៅដល់ក្រសួងពាក់ព័ន្ធ នឹងវិស័យចម្រៀងខ្មែរ សូមមានការយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជូន ចំពោះតារាចម្រៀងប្រុស-ស្រី ដែលពួកគាត់ខិតខំ ធ្វើឲ្យវិស័យចម្រៀងមានការរីកចម្រើនទៅមុខ ដោយបង្កើតកម្មវិធីប្រគល់ពានរង្វាន់នេះជារៀងរាល់ឆ្នាំ និងជាលក្ខណៈផ្លូវការ លំដាប់អន្តរជាតិ ដើម្បីឲ្យប្អូនៗ ជំនាន់ក្រោយ មានទឹកចិត្ត ដើម្បីបំពេញការងារសិល្បៈជាបន្ត»។

សូមបញ្ជាក់ថា ​ពានរង្វាន់ចំនួនប្រាំបី​ ដែលត្រូវបានប្រគល់ជូននៅថ្ងៃនេះ មានដូចជា ទី១)​ ពាន «​The 2017 NRG Music Award- Best Young Artist» បានទៅលើលោក ថៃ អតិជាតិបុត្រ ,ទី២)​ ពាន «The 2017 NRG Music Award- Best Music Band» ​បានទៅលើ ក្រុមក្មេងខ្មែរ,ទី៣)​ ពាន «The 2017 NRG Music Awards- Best Creative Artist » បានទៅលើ លោក ម៉ម ពេជ្ជរិទ្ធ, ទី៤)​ ពាន «The 2017 NRG Music Awards- Best Popularity Artist» បានទៅលើលោក ថៃ អតិជាតិបុត្រ, ទី៥)​ ពាន «The 2017 NRG Music Awards- Best Song of the Year Male» បានទៅលើ ហាក់ រីខត, ទី៦) ពាន «​The 2017 NRG Music Awards- Best Song of the Year Female» បានទៅលើកញ្ញា សុខ ពិសី, ទី៧)​ ពាន «The NRG Music Awards- Best Artist of the Year Male» បានទៅលើលោក ឆាយ វិរៈយុទ្ធ និងទី៨)​ ពាន «The NRG Music Awards- Best Artist of the Year Female» គឺបានទៅលើ មាស សុខសោភា ។

វិទ្យុ NRG89FM គឺជាស្ថានីយវិទ្យុតន្រ្តី​សម័យពេញនិយមលេខ១ ដែលផ្សាយផ្ទាល់២៤ម៉ោងក្នុង១ថ្ងៃ និង ៧ថ្ងៃក្នុង១សប្តាហ៍ NRG89FM វេទិកាតន្រ្តីសុទ្ធ៕