(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០១៧ នេះ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជូនដល់ចាស់ជរាឥតទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកមានជំងឺរាំរ៉ៃ ចំនួន ៦៣៩គ្រួសារ រស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណសាលាស្រុកកំពង់លែង។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដែរ សម្តេចចៅហ្វាវាំង បានពាំនាំព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិក្ត្តិយស និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងបានផ្តាំផ្ញើដល់ពួកគាត់សូមថែទាំសុខភាពឱ្យបានល្អ ត្រូវគោរពច្បាប់ចរាចរណ៍ និងចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន អំពើហិង្សាក្នុងសហគមន៍ដែលខ្លួនរស់នៅ។
ប្រជាពលរដ្ឋទាំងអស់ដែលមកចូលរួមក្នុងពិធីនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានដឹកនាំកាកបាទក្រហមកម្ពុជា ដោយមានការយកចិត្តទុកដាក់ មានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹមដល់ប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
សម្រាប់អំណោយដែលត្រូវចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០ គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ នំប៉័ង ១ដើម ទឹកសុទ្ធ ១ដប និងថវិកាមួយចំនួន។ ដោយឡែក សាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ក៏បានផ្តល់ជូននូវអាវរងារមួយសម្រាប់គ្រួសារនីមួយៗ៕