(ភ្នំពេញ)៖ បន្ទាប់ពីចុះអនុស្សរណៈបញ្ជួន និងទទួលពលករកម្ពុជាទៅបម្រើការងារជាជំនួយការមេផ្ទះ នៅតំបន់រដ្ឋបាលពិសេសហុងកុង ឲ្យបាន១ពាន់នាក់ នៅឆ្នាំ២០១៨ កាលពីពេលកន្លងទៅរួចមក ភាគីកម្ពុជាបានបញ្ជូនពលការិនីចំនួន១៤នាក់ ជាជំហានដំបូងសិន។ នេះបើតាមលោក ងុយ រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
មុនពេលឡើងយន្តហោះចាកចេញពីកម្ពុជាឆ្ពោះទៅហុងកុង លោក ងុយ រិទ្ធ បានឲ្យដឹងថា ពលការិនីទាំង១៤នាក់ខាងលើ ត្រូវចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ជាមួយការអមដំណើរពីមន្ត្រីរាជការ នៃក្រសួងការងារផងដែរ។
លោកបន្តថា មុនការចេញដំណើរនេះ ពលការិនីកម្ពុជាខាងលើ បានទទួលការបណ្ដុះបណ្ដាលពីជំនាញការងារ ផ្នែកជំនួយការមេផ្ទះ ភាសា និងរបៀបរបបមួយចំនួន រយៈពេល៣ខែ ដើម្បីតម្រង់ទិសបណ្ដើរៗពីជីវភាពរស់នៅ នៅតំបន់រដ្ឋបាលពិសេសហុងកុងនោះ។
លោកបន្ថែមថា អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុង មានរយៈពេល២ឆ្នាំ ប៉ុន្តែដល់ពេលបញ្ចប់អាណត្តិការងារ បើសិនមានការព្រមព្រៀងពីនិយោជកទៀត ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។ ប្រាក់ឈ្នួលអប្បបរមាដែលទទួលបានចាប់ពី ៥៧០ដុល្លារឡើងទៅ រួមទាំងអត្ថប្រយោជន៍មួយចំនួនទៀត ដូចជា លក្ខខណ្ឌការងារ និងការធានារ៉ាប់រងផ្សេងៗល្អប្រសើរ ទាំងផ្នែកសុខភាព ការឈប់សម្រាក និងការការពារសិទ្ធិប្រយោជន៍ ពោលដូចទៅនឹងកម្មករ-កម្មការិនីហុងកុង និងពលករ-ពលការិនីជនជាតិដទៃផងដែរ។
សម្រាប់ការបញ្ជូនពលការិនីបន្ត ត្រូវបានលោក ងុយ រិទ្ធ បញ្ជាក់ថា នឹងធ្វើឡើងជាបន្តបន្ទាប់ទៀត ដោយអាស្រ័យលើការជ្រើសរើស ការបណ្ដុះបណ្ដាល និងតម្រូវការជាក់ស្ដែងរបស់និយោជកនៅហុងកុង។
លោកបានគូសបញ្ជាក់ថា បើតាមការគ្រោងទុកនៅឆ្នាំ២០១៨ កម្ពុជាបានព្រមព្រៀងជាមួយហុងកុង បញ្ជូនពលការិនីកម្ពុជាទៅហុងកុង ឲ្យបាន១ពាន់នាក់ ខណៈតម្រូវការទីផ្សារការងារនៅហុងកុងមានច្រើនជាងនេះ ប៉ុន្តែកម្ពុជាមិនអាចផ្ដល់កម្លាំងពលកម្មទៅបានច្រើនជាងនេះទេ ព្រោះត្រូវការចំណាយពេលវេលា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាលទៅតាមស្ដង់ដារ និងការងារពាក់ព័ន្ធនានា។
លោកបន្តទៀតថា មុនចេញដំណើរទៅហុងកុងនេះ ក្រុមមន្ត្រីនៃក្រសួងការងារ និងក្រុមការងាររបស់ក្រុមហ៊ុនបញ្ជូន និងទទួល បានជួបសំណេះសំណាលជាមួយពលការិនីខាងលើ និងក្រុមគ្រួសាររបស់ពួកគេ ដោយពួកគេបានបង្ហាញពីការសប្បាយរីករាយ ក្នុងការទៅបម្រើការងារនៅទឹកដីនាគសេដ្ឋកិច្ចហុងកុងនេះ ព្រោះមិនត្រឹមតែទទួលបានប្រាក់ឈ្នួលខ្ពស់ប៉ុណ្ណោះទេ ពួកគេក៏សង្ឃឹមថា នឹងទទួលបានជំនាញ បទពិសោធន៍ ចំណេះដឹងភាសា ការមើលឃើញពីការអភិវឌ្ឍនៅទីនោះផងដែរ។
សូមជម្រាបថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា កន្លងទៅ លោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង ធ្លាប់បានបញ្ជាក់ថា នៅតំបន់រដ្ឋបាលពិសេសហុងកុង ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ៕