(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ចៅក្រមជំនុំជំរះសាលាដំបូងរាជធានីនំពេញ លោក ប៊ុន ធី បានលើកយកសំណុំរឿងមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មកប្រកាសសាលក្រម ជាសាធារណៈដោយផ្តន្ទាទោសឈ្មោះ ហ៊ុយ ហឿន ដាក់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែអនុវត្តក្នុងពន្ធនាគារចំនួន១០ខែប៉ុណ្ណោះ ទោសសល់ប៉ុន្មានត្រូវព្យួរ។

ដោយឡែកឈ្មោះ ឯម កុសល ដែលកំពុងស្ថិតនៅក្រៅឃុំ ដាក់ពន្ធនាគារចំនួន២ឆ្នាំ តែទោសនោះត្រូវព្យួរដូចគ្នា ពីបទវិតិក្រមតាមមាត្រា៥៩២ និងមាត្រា៥៩៣ នៃច្បាប់ព្រហ្មទណ្ឌ និមាត្រា៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើរពុករលួយ។

ទាក់ទងនិងសំណុំរឿងប្រព្រឹត្តអំពើពុករលួយនេះ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ខាំ សុផារី បានធ្វើការសន្និដ្ឋាននឹងការសម្រេច តម្កល់បទចោទលើជនជាប់ចោទទាំង២។

សូមបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ កាលពីរសៀលម៉ោង៣និង៣០នាទីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ បានចាប់បញ្ជូនខ្លួនមន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចម្នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធអំពើពុករលួយ។ មន្រ្តីនគរបាលរូបនោះឈ្មោះ ហ៊ុយ ហឿន ភេទប្រុស អាយុ៣៨ឆ្នាំ ឋានន្តរស័ក្តិអនុសេនីយ៍ឯក និងម្នាក់ទៀតឈ្មោះ ឯម កុសល ជាប់ចោទដែរ ប៉ុន្តែមិនត្រូវបានឃាត់ខ្លួនទេ ហើយនៅថ្ងៃសវនការចុងក្រោយគីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នេះឈ្មោះ ឯម កុសល ក៏មិនមានវត្តមានដែរ៕