(សៀមរាប)៖ ​ខេត្តទេសចរណ៍សៀមរាប មានជនបរទេស​១,៦៨៧គ្រួសារ សរុប​៤,៧៩៦នាក់ ស្នើនឹង៥សញ្ជាតិ កំពុងរស់នៅនាពេលបច្ចុប្បន្ននេះ ខណៈរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឺមឡេង ជំរុញឲ្យមន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធ​បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចុះសម្រង់ស្ថិតិជនបរទេស ឲ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសលោក ដឹកនាំប្រជុំផ្សព្វផ្សាយ​អនុក្រឹត្យ ស្ដីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី​ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ ដល់មន្ត្រីនគរបាល និងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ នៅខេត្តសៀមរាប ដោយមានការចូលរួមពីលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ រដ្ឋលេខាធិការ លោក អ៊ុក គឹមឡេង បានធ្វើបានកោតសរសើរ និងបន្តលើកទឹកចិត្តដល់មន្ត្រី និងអាជ្ញាធរជាប់ពាក់ព័ន្ធ ឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការចុះសម្រង់ស្ថិតិជនបរទេស ឲ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ​។

​លោកវរសេនីយ៍ត្រី ជា គឹមសាន ស្នងការរង​នគរបាលខេត្តសៀមរាប បានលើកឡើងថា​ បច្ចុប្បន្ននៅខេត្តសៀមរាប ស្ថិតិជនបរទេស​អន្តោប្រវេសន្ដសរុប ១,៦៨៧គ្រួសារ ​សរុប​៤,៧៩៦នាក់ (ស្រី​២,៣១៤នាក់) ដែលមាន​៥សញ្ជាតិ គឺវៀតណាម, ឡាវ, ថៃ, ភូមា, នេប៉ាល់​។ ក្នុងនោះជនបរទេសបែបអន្ដោប្រវេសន្ដ ដែលបានជំរឿន មាន​៩៩៧គ្រួសារ មាន៤សញ្ជាតិ មាន២,៣៨២នាក់ (ស្រី​១,១០៦នាក់) ហើយការិយាល័យគ្រប់គ្រងជនបរទេស បានបំពេញបែបបទសុំប្រកាសទទួលស្គាល់ ដល់ជនបរទេសអន្តោប្រវេសន្ត និងកូនក្នុងបន្ទុកគ្រប់អាយុ​១៨ឆ្នាំ មានចំនួន​១,០៧២នាក់ ស្មើនឹង​៦៤២គ្រួសារ។

បើតាមលោកស្នងការរង ជនបរទេសបែបអន្តោប្រវេសន្ត​ស្នាក់នៅយូរ មានចំនួន​៩៩៥គ្រួសារ ស្នើនឹង២,៦៦៤នាក់ ស្នាក់នៅយូរមានឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតី មានចំនួន​៤៦២គ្រួសារ ស្មើនឹង១,៥២០នាក់ បានធ្វើកិច្ចសន្យារក្សាទុក (មានគល់បញ្ជីត្រឹមត្រូវ) បានចំនួន​៤៤១ឯកសារ និងធ្វើកំណត់ហេតុដកហូតឯកសារ (គ្មានគល់បញ្ជី) បានចំនួន​១៩៣ឯកសារ​៕