(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្ដមហិច្ឆតាធ្វើឲ្យកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី រាជរដ្ឋាភិបាលមិនបានព្រងើយកន្ដើយជាមួយនឹងចំណុចណាមួយ នៅក្នុងការដោះស្រាយបញ្ហានោះទេ បើទោះបីឆ្នាំចាស់កន្លងផុត តែការងារអភិវឌ្ឍន៍ ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាច្រើន មិនបានបញ្ចប់នោះទេ គឺទាមទារឲ្យមានការខិតខំបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលដ៏ល្អប្រសើរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ប្រទេសរបស់យើងបានចេញផុតពីឋានៈជាប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ប៉ុន្ដែមហិច្ឆតារបស់យើង យើងនឹងខិតខំឈានទៅសម្រេចឲ្យបាននូវប្រទេស ដែលមានប្រាក់ចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ ហើយនឹងក្លាយទៅជាប្រទេសដែល មានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០»។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានកត់សំគាល់ថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះ ចំនួនអ្នកដែលមានលទ្ធភាព និងប្រាក់ចំណូល ដែលឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ ទោះបីជាកម្ពុជាមិនទាន់បានធ្វើកំណើនធ្វើជំរឿនឡើងវិញក៏ដោយចុះ ប៉ុន្ដែអត្រានៃភាពក្រីក្របច្ចុប្បន្ននៅក្នុងប្រទេស នៅសល់មិនដល់១០ភាគរយនោះទេ។
សម្ដេចបានគូសបញ្ជាក់ថា ការរំដោះប្រទេសចេញពីបន្ទាប់នៃភាពក្រីក្ររបស់កម្ពុជា មកដល់បច្ចុប្បន្ននេះ ជាដំណើរលឿនណាស់ បើប្រៀបធៀបទៅនឹងប្រទេសមួយចំនួន ដែលមានការអភិវឌ្ឍន៍យូរជាងកម្ពុជា វែងឆ្ងាយជាងកម្ពុជា ប៉ុន្ដែអត្រានៃភាពក្រីក្រនៅសល់២០ និង៣០ភាគរយឯណោះ ការវាស់ស្ទង់ នៃភាពក្រីក្រដែលចេញដោយអង្គការសហប្រជាជាតិ។
បន្ថែមពីនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន បានរៀបចំផែនទីចង្អុលផ្លូវ យ៉ាងជាក់លាក់ណាស់ មិនមែនជានយោបាយឆក់កណ្ដៀតតាមរដូវឃោសនាបោះឆ្នោតនោះទេ ហើយគណបក្សប្រជាជនកម្ពុជា តែងដាក់ចេញក្របខណ្ឌគោលនយោបាយរយៈពេលខ្លី រយៈពេលមធ្យម រយៈពេលវែង៕