(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានកិត្តិយសសមាគម មន្ត្រីរាជការក្រសួងផែនការ (ស.ម.រ.ផក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១នេះ បានឲ្យដឹងថា កម្រិតចំណូលជាមធ្យមប្រចាំឆ្នាំ របស់ប្រជាជនម្នាក់ៗ កើនដល់១៣៣០ដុល្លារ ក្នុង១ឆ្នាំ បាននាំឲ្យកម្ពុជាក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតទាប។
ការលើកឡើងយ៉ាងដូច្នោះ ក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ឆាយ ថន អញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់សមាគមមន្ត្រីរាជការនៃក្រសួងផែនការ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំធ្វើឡើងនៅទីស្ដីការក្រសួង។
លោកទេសរដ្ឋមន្ត្រី ឆាយ ថន បានឲ្យដឹងថា ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចថេរ ជាមធ្យមក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ហើយនៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៧% ក្នុងមួយឆ្នាំ ហើយអត្រានៃភាពក្រីក្រ ត្រូវបានកាត់បន្ថយជាលំដាប់ និងបានធ្លាក់មកត្រឹម១៣,៥% នៅឆ្នាំ២០១៤ និងអត្រានៃការអត់ ការងារធ្វើបានថយចុះជាលំដាប់ ដែលជាកត្តាជំរុញឲ្យកម្រិតជីវភាព រស់នៅរបស់ប្រជាជនទូទៅ ត្រូវបានលើកកម្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ។
ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា «ឆ្នាំ២០១៧នេះ កម្រិតចំណូលជាមធ្យមប្រចាំឆ្នាំ របស់ប្រជាជនម្នាក់ៗ កើនដល់១៣៣០ដុល្លារ ក្នុង១ឆ្នាំ បាននាំឲ្យកម្ពុជាក្លាយជាប្រទេស មានចំណូល មធ្យមកម្រិតទាប ហើយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានបេ្តជ្ញាប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសអភិវឌ្ឍន៍ នៅឆ្នាំ២០៥០»។
លោកទេសរដ្ឋមន្ត្រី បានថ្លែងថា «ខ្ញុំមានសេចក្តីរីករាយជាខ្លាំង ដោយឃើញសមាគមមន្ត្រីរាជការ ក្រសួងផែនការ បានឈរជើងយ៉ាងរឹងមាំ ជាមួយកម្លាំងសាមគ្គីភាពមូលចិត្ត ជាធ្លុងមួយ របស់មន្ត្រីរាជការ ទាំងនៅក្នុងទីស្តីការក្រសួងផែនការ និងមន្ទីរផែនការរាជធានី-ខេត្ត»។
លោកថា «ចាប់តាំងពីការកើតមក ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់របស់ខ្ញុំ និងថ្នាក់ដឹកនាំរបស់សមាគម បានធ្វើឲ្យ ស.ម.រ.ផក ដំណើរការបានយ៉ាងល្អក្នុងបេសកកម្ម តាមតួនាទី ភារកិច្ចរបស់ខ្លួននារយៈពេល១០ឆ្នាំកន្លងមកនេះ ប្រកបដោយភាពខ្លាំង រឹងមាំដែលធានាបាននិរន្តរភាពរបស់ខ្លួនមកដល់សព្វថ្ងៃនេះ ក្រោមការដឹកនាំពីឥស្សរជនជាថ្នាក់ដឹកនាំ និងគណៈ កម្មការកណ្តាល នៃសមាគមគ្រប់ជំនាន់»។
លោកទេសរដ្ឋមន្ត្រី បានបន្ដថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែគិតគូរដល់សុខមាលភាព និងជីវភាពរបស់ មន្ត្រីរាជការ និងកម្មករនិយោជិកទាំងអស់ ដោយមិនទុកឲ្យនរណាម្នាក់នៅឯកោឡើយ ជាក់ស្តែងមន្ត្រីរាជការ កម្មករនិយោជិកទាំងអស់ ត្រូវបានតម្លើងប្រាក់បៀវត្សទៀងទាត់ជា រៀងរាល់ឆ្នាំ កត្តានេះ បានធ្វើឲ្យជីវភាពរស់នៅរបស់មន្ត្រីរាជការ និងប្រជាពលរដ្ឋមានការរីក ចម្រើន និងកើនឡើង ប្រកបដោយមោទនខ្ពស់។
លោកបន្ដថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យវែងឆ្ងាយ តាមរយៈការជម្នះរាល់ឧបសគ្គគ្រប់យ៉ាងជាច្រើន ឥតគណនា រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលធំៗ សំខាន់ៗ ជាប្រវត្តិសាស្ត្រ ដែលនាំឲ្យកម្ពុជាចាកផុត ពីស្រមោលអតីតកាលដ៏សែនឈឺចាប់ និងកំពុងបោះជំហ៊ានទៅមុខ យ៉ាងស្វាហាប់លើមាគ៌ាសុខសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
ជាមួយការរីកចម្រើន ស្ថេរភាពពេញលេញ និងការយកចិត្តទុកដាក់យ៉ាងខ្លាំង របស់ប្រមុខរាជរដ្ឋាភិបាល បានធ្វើឲ្យស្ថានភាពជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ បានល្អប្រសើរ ជាលំដាប់ ជាក់ស្តែងការសិក្សាលើអាយុសង្ឃឹមរស់ជាមធ្យម (Life Expectancy) របស់ប្រជាជនកម្ពុជាម្នាក់គឺអាយុត្រឹម ៥៨,៣ឆ្នាំ សម្រាប់ភេទស្រី និងភេទប្រុស ៥៤,៤ឆ្នាំ កាលពីឆ្នាំ១៩៩៨ បានកើនដល់អាយុ ៧៨,១ឆ្នាំ សម្រាប់ភេទស្រី អាយុ៦៩,២ឆ្នាំ សម្រាប់ភេទប្រុស និងអាយុ ៧១ឆ្នាំ សម្រាប់ភេទទាំងពីរ នៅឆ្នាំ២០១៦ (មានន័យថាក្នុងរយៈពេល២០ឆ្នាំការ ធ្វើឲ្យប្រសើរឡើង នៃអាយុសង្ឃឹមរស់បានយ៉ាងល្អប្រសើរ គឺកើនជាង២០ឆ្នាំ ទាំងភេទប្រុស និងភេទស្រី) ទិន្នន័យនេះបង្ហាញថា កម្ពុជាបាននៅពីលើអាយុសង្ឃឹមរស់ជាមធ្យមរបស់ ពិភពលោក។
គូសបញ្ជាក់ថា សមាគមមន្រ្តីរាជការក្រសួងផែនការ បានបំពេញការងាររបស់ខ្លួនយ៉ាងល្អប្រសើរគួរឲ្យកត់សម្គាល់ ទាំងសកម្មភាពការងារ ទាំងធនធានថវិកា និងចំនួនសមាជិកសមាគម បានកើនឡើងនាឆ្នាំចុងក្រោយនេះ រវាងឆ្នាំ២០១៦ និង២០១៧ មានការប្រែប្រួលយ៉ាងខ្លាំង ចំនួនសមាជិកសរុបទាំងអស់កើនពី១០១៧នាក់ ទៅ១៧៨៣នាក់ កើន៧៦៦នាក់ ស្មើ ៧៥% នៅទីស្តីការក្រសួង កើនពី២២៤នាក់ ដល់៦៨៩នាក់ កើន៤៦៥នាក់ ស្មើនឹង៦៧% និងរាជធានី-ខេត្ត កើនពី៧៦៦នាក់ ដល់១០៩៤នាក់ កើន៣០១នាក់ ស្មើ២៨%។បើពិនិត្យលើផ្នែកថវិកា មានភាពខ្លាំងរឹងមាំគួរជាទីមោទនដោយនៅឆ្នាំ២០១៦ ថវិកាសរុបមានចំនួន ១២៧,១៩៣,៥៥១រៀល ឯឆ្នាំ២០១៧ ថវិកាសរុបមានចំនួន ១៩៦,១០០,២៣៣ រៀល គឺកើន ៦៨,៩០៦,៦៨២រៀល បន្ទាប់ពីការកាត់ចំណាយអស់ ៦២,២៨៦,១៧០រៀល ឯថវិកាសម្រាប់ឧបត្ថម្ភ ជូនដល់អ្នកស្លាប់ម្នាក់បានកើនពី២លានរៀល ទៅ៥លានរៀល៕