(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញក្តីរីករាយចំពោះសមិទ្ធផលការងារជាច្រើនត្រូវបានសម្រេចជាប្រយោជន៍ជូនកម្មករ កម្មការិនីនៅក្នុងឆ្នាំ២០១៧ ដែលជិតកន្លងផុតទៅនេះ តែសម្តេចក៏បានបង្ហាញការងារអាទិភាពចំនួន៨ផ្សេងទៀតទាមទារប្រឹង ប្រែងអនុវត្តន៍ឲ្យបានម៉ឹងម៉ាត់ក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍ដល់កម្មករ កម្មការិនី។

ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៤,០៩៩នាក់មកពីរោងចក្រ សហគ្រាសនានាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការងារអាទិភាពទាំង៨ នេះ គឺទាមទារអនុវត្តន៍ឲ្យម៉ត់ចត់បំផុតពីអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចតេជោ ហ៊ុន សែន រំពឹងថា ការងារជាប្រយោជន៍សម្រាប់កម្មករ កម្មការិនី ដែលដាក់ចេញដោយសម្តេចផ្ទាល់នេះ នឹងមិនត្រូវបានធ្វើដោយខ្ជីខ្ជានោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះ «ត្រូវតាមដានមើលឲ្យបានដិតដល់ ហើយកុំបន្ទោសគ្នាព្រោះរឿងនេះមិនមែននិយាយមួយថ្ងៃពីរថ្ងៃទេ និយាយរាប់ខែ ហើយនិយាយតាមវេទិកា គ្រប់វេទិកាទាំងអស់។ រដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងចំពោះមុខរដ្ឋសភា តែរឿងនេះភាគច្រើនទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ព្រោះនាយករដ្ឋមន្ត្រីកំពុងដើរធ្វើកិច្ចការនេះដោយផ្ទាល់»

ការងារអាទិភាពទាំង៨ ដែលសម្តេចប្រមុខរាជរដ្ឋាភិបាលទាមទារឲ្យយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ពស់នោះរួមមាន៖
១៖ ការទទួលបានប្រាក់ឈ្នួលទៀបបំផុត ១៧០ដុល្លារ
២៖ ពិនិត្យការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដែលនឹងត្រូវពិនិត្យ និងព្យាបាលដោយមិនបង់ថ្លៃ សម្រាប់កម្មករ កម្មការិនី កីឡាការ កីឡាការិនី ប្រធានភូមិ ជំនួយការភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់
៣៖ ការទទួលប្រាក់ក្នុងអត្រា ១២០ភាគរយរយៈពេល៣ខែ សម្រាប់កម្មការិនីក្នុងពេលសម្រាលកូន
៤៖ តាមដានកម្មវិធីឧបត្ថម្ភប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន (៤០ម៉ឺនសម្រាប់កូនមួយ, ៨០ម៉ឺនសម្រាប់កូនភ្លោះពីរ និង ១,២០០,០០០សម្រាប់កូនភ្លោះបី)
៥៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលនិយោជកជាអ្នករ៉ាប់រង
៦៖ ត្រួវត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី
៧៖ បន្តខិតខំរៀបចំដាក់ឲ្យអនុវត្តន៍សោធននិវត្តន៍ឆ្នាំ២០១៩
ទី៨៖ បន្តដោះស្រាយបញ្ហាពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេស៕