(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានថ្លែងបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះថា មានវិស័យធំៗចំនួន៣ ដែលបានរួមចំណែកយ៉ាងខ្លាំង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានដល់សម្រេចបាននូវក្នុងរង្វង់៧ភាគរយ ដែលវិស័យទាំង៣នោះរួមមាន វិស័យកសិកម្មដែលបានរួមចំណែក២៥% វិស័យឧស្សាហកម្មចូលរួមចំណែកជាង៣០% និងវិស័យសេវាកម្ម ចូលរួមចំណែកជាង៤៥ភាគរយ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នេះ ធ្វើឡើងនាឱកាសដែល សម្ដេចបានអញ្ជើញចូលរួម បន្តជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី សរុបប្រមាណ ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «ការចាប់ផ្ដើមរបស់យើង ទៅលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ មិនមែនជាបញ្ហាលេងសើចទេ។ ឥឡូវនេះយើងបានឈានមកដល់ដំណាក់កាលថ្មីមួយហើយ គ្រាន់តែទិន្នន័យ ឬតួលេខនៃកំណើនផលិតផលក្នុងស្រុក សរុបរបស់យើង អាចកត់សំគាល់បាន ដែលមុននោះ អត្រានៃផ្នែកផលិតផល របស់ប្រទេសកម្ពុជា កសិកម្មគ្រប់ដណ្ដប់ច្រើនណាស់។ ខ្ញុំបាននិយាយនៅក្នុងខេត្តកែប ដើម្បីបង្ហាញតួលេខ នៃការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង នៅត្រង់ថា កសិកម្មនៅពេលនេះ នៅរួមចំណែកត្រឹមតែ២៥ភាគរយប៉ុណ្ណោះ ឯឧស្សាហកម្មដែលក្មួយៗកំពុងធ្វើសព្វថ្ងៃមកនេះ បានរួមចំណែករហូតទៅដល់ជាង៣០ភាគរយ ជាមួយគ្នានោះសេវាកម្ម ដែលរាប់ទាំងសេវា ខាងផ្នែកទេសចរណ៍ បានរួមចំណែករហូតទៅដល់ជាង៤៥ភាគរយ»។
បើទោះជាវិស័យកសិកម្ម បានចូលរួមចំណែកត្រឹមតែ២៥% ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិក្តី ក៏សម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា មិនមែនមានន័យថា ប្រទេសកម្ពុជាខ្វះអង្ករចិញ្ចឹមប្រជាពលរដ្ឋនោះទេ ព្រោះថា នៅពេលដែលកម្ពុជា មានអត្រានៃផលិតផលកសិកម្មប្រមាណលើស៨០ភាគរយ ពេលនោះកម្ពុជា នៅខ្វះខាតស្បៀងអាហារ។ ប៉ុន្ដែឥឡូវនេះ កម្ពុជាមានស្បៀងអាហារហូបគ្រប់គ្រាន់ ថែមទាំងមានលទ្ធភាពនាំចេញអង្ករ ទៅកាន់ពិភពលោកទៀតផងដែរ។
លើសពីនេះទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកជាឧទាហរណ៍ នៅប្រទេសអភិវឌ្ឍន៍ជឿនលឿនមួយចំនួនដូចជា ជប៉ុន អាមេរិក និងបារាំង ជាដើម ដែលវិស័យកសិកម្មនៃប្រទេសទាំងនេះ ចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច ត្រឹមតែកម្រិត១ភាគរយ ឬទាបជាង១ភាគរយប៉ុណ្ណោះ។
សូមជម្រាបថា ធនាគារពិភពលោក (World Bank) បានព្យាករណ៍ថា នៅឆ្នាំ២០១៧នេះ សេដ្ឋកិច្ចរបស់កម្ពុជានឹងមានកំណើនក្នុងអត្រា៦.៨ភាគរយ និង៦.៩ភាគរយនៅឆ្នាំ២០១៨។ ដោយឡែកធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានព្យាការណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងកើន៧ភាគរយ ក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៨៕