(ភ្នំពេញ)៖ ជាថ្មីម្ដងទៀតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ក្រុមកម្មករ កម្មការិនីថា ប្រសិនបើចង់រក្សាការងារ រក្សាប្រាក់ចំណូលដែលជាឆ្នាំងបាយរាល់ថ្ងៃនេះ ត្រូវរួមគ្នាទប់ស្កាត់ជនណាមិនថា តែបរទេស ឬជនជាតិខ្មែរនោះទេ ដែលមានចេតនាចង់បំផ្លាញសន្ដិភាពនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឱកាសការងារ និងប្រាក់ចំណូល ដែលជាឆ្នាំងបាយ និងជាអាយុជីវិតនៅរៀងរាល់ថ្ងៃនេះ មិនអាចចាប់កំណើតក្នុងផ្ទៃនៃសង្គ្រាមបាននោះទេ ពោលគឺចាប់កំណើតក្នុងផ្ទៃនៃសន្ដិភាពតែប៉ុណ្ណោះ ដូច្នេះហើយត្រូវរួមគ្នាតែរក្សាឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។
ការមានប្រសាសន៍ខាងលើនេះ របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ក្នុងឱកាសសម្ដេច បន្ដជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង១៤,០០០នាក់ មកពីរោងចក្រចំនួន១៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្មួយៗត្រូវចាំបើចង់រក្សានូវការងារធ្វើ ចងរក្សានូវប្រាក់ចំណូល ដែលក្មួយមានត្រូវខិតខំ រួមចំណែកដើម្បីការពារ នូវសន្ដិភាពឲ្យខាងតែបាន មិនត្រូវផ្ដល់ឱកាសឲ្យអ្នកណាមួយទាំងជនជាតិខ្មែរ និងជនជាតិបរទេស បំផ្លេចបំផ្លាញសន្ដិភាព ដូចពីអតីតកាលនោះទេ កុំផ្ដល់ឱកាសឲ្យពួកគេដោយតម្លៃណាក៏ដោយ យើងត្រូវហ៊ានងើបឈរឡើង ដើម្បីការពារនូវឯករាជ្យ អធិបតេយ្យជាតិ ការពារនូវសន្ដិភាព ដើម្បីធានាការអភិវឌ្ឍន៍ជាបន្ដសម្រាប់យើងទាំងអស់គ្នា ព្រោះនេះវាជាជីវិតរបស់យើង វាជាឆ្នាំងបាយរបស់យើង»។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ដែរថា បើគ្មានការចូលរួម គ្មានការគាំទ្រ គឺមិនអាចនឹងសម្រេចបាននូវជោគជ័យនោះទេ ហើយកម្ពុជាមានមកដល់ថ្ងៃនេះ គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកបង្កើតឡើងនៅស្ថានភាពនេះ ដោយក្រោយរំដោះចេញពីរបប ប៉ុល ពត ខិតខំទប់ស្កាត់នៃរបប ប៉ុល ពត ហើយខិតខំស្វែងរកការចរចារដើម្បីដោះស្រាយបញ្ហា ខិតខំអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីនាំមកនូវសន្ដិភាព សម្រាប់ការអភិវឌ្ឍន៍ ហើយផ្ដើមចេញពីសន្ដិភាពនោះហើយ ដែលនាំឲ្យកម្ពុជាមានលទ្ធភាព នៃការអភិវឌ្ឍន៍។
ក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា អតីតកាលបានបង្រៀនគ្រប់សព្វហើយ ហើយបើប្រៀបធៀបទៅនឹងយុវជនជំនាន់មុន និងយុវជនជំនាន់នេះ គឺខុសគ្នាដាច់ស្រឡះ យុវជនជំនាន់មុនគឺជាចំណាត់ខ្មាំងនៃសង្គ្រាម បាត់បង់ឱកាស បាត់បង់ជីវិត រហូតដល់អ្នកសេសសល់មួយចំនួនធ្លាក់ខ្លួនពិការ ប៉ុន្ដែយុវជនសម័យនេះមានឱកាសច្រើនណាស់៕