(កណ្តាល)៖ លោក សូ សុវណ្ណារ៉េត អនុប្រធានគណៈពង្រឹងឃុំក្អមសំណ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាក្អមសំណក្រោម និងចែកសម្ភារសិក្សាមួយចំនួន ដល់សិស្សានុសិស្សនៅសាលាបឋមសិក្សា ក្អមសំណក្រោម កាលពីសប្តាហ៍មុន។
ក្នុងពិធីសំណេះសំណាល លោក សូ សុវណ្ណារ៉េត បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ក្រោមដំបូលសុខសន្តិភាពប្រកបដោយការអភិវឌ្ឍន៍ ទើបក្មួយៗ មានឱកាសបានសិក្សារៀនសូត្រ ហើយប្រជាពលរដ្ឋអាចប្រកបរបរចិញ្ចឹមជីវិតដោយសុខដុមរមនា។
ក្នុងឱកាសនោះដែរ លោកក៏បានឧបត្ថម្ភថវិកាចំនួន១,៩៤០,០០០រៀល សម្រាប់សាងសង់បណ្ណាល័យព្រមទាំងពាំនាំនូវថវិកាឧបត្ថម្ភជូនលោក នាយកសាលាចំនួន១០ម៉ឺនរៀល លោកគ្រូ អ្នកគ្រូចំនួន៩នាក់ ក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស សរុបចំនួន២១៦នាក់ ក្នុងម្នាក់ទទួលបានសៀវភៅ១ក្បាល, ប៉ិច១ដើម, ខ្នៅដៃ២ដើម, ជ័រលុប១, ប្រអប់ខួងខ្នៅដៃ១ និងថវិកាចំនួន៣,០០០រៀល។
លោកក៏បានផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចៀសវាងបង្កជាក្រុមក្មេងទំនើងក្នុងសាលា ស្តាប់លោកគ្រូ អ្នកគ្រូ និងមាតាបិតា អាព្យាបាលរបស់ខ្លួន ដើម្បីកសាងខ្លួនឲ្យក្លាយជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អនាពេលអនាគត៕