(មណ្ឌលគិរី)៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានរិះគន់ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ធ្វើផ្លូវគ្មានលក្ខណៈបច្ចេកទេស និងស្តង់ដារត្រឹមត្រូវ គឺធ្វើតាមតែចិត្តរបស់ខ្លួន។ ផ្លូវក្រាលកៅស៊ូ នៅអមសងខាងផ្លូវភ្លោះកណ្តាលបេះដូង ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី និងផ្លូវឆ្ពោះទៅកាន់បឹងទំនប់ក្រោម ប្រមាណជាងជិត៣គីឡូម៉ែត្រ។
ប្រជាពលរដ្ឋដដែលបានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគីរីឲ្យដឹងថា មន្ទីរសារធាណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលមានលោក ម៉ៅ ធនារ័ក្ស ជាប្រធានមន្ទីរ បានដឹកនាំក្រុមបច្ចេកទេសជំនាញយកដុំថ្មរោយលើផ្លូវដែលមាន ស្រាប់បង្កផលប៉ះពាល់ដល់អ្នកបើកបរ សង្ស័យជួសជុលតាមចិត្តនឹកឃើញ គ្មានបទដ្ឋានបច្ចេកទេស រហូតផ្ទុះការរិះគន់ចំៗ ដល់លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តថា តើការជួសជុលផ្លូវបែបនេះជាបច្ចេកទេស និងជំនាញអ្វី?។
ប្រជាពលរដ្ឋទូទាំងក្រុងសែនមនោរម្យ ព្រមទាំងបងប្អូនជនជាតិភាគតិចព្នង រស់នៅតាមមូលដ្ឋាននាំគ្នាងឿងឆ្ងល់ថា បច្ចេកទេសថ្មីរបស់មន្ទីរសាធារណការខេត្តមណ្ឌលគិរី យកជំនាញជួសជុលផ្លូវមួយនេះ តាមការនឹកឃើញ ឬក៏យកឯកទេសនេះចម្លងមកពីប្រទេសណាដែលគេធ្វើបែបហ្នឹង ព្រោះផ្លូវក្រាលកៅស៊ូចាស់ដែលមានស្រាប់ គឺនៅល្អប្រសើរ និងធ្វើចរាចរបាន ចុះហេតុអី ខាងមន្ទីរយកដុំថ្មមករោយនៅលើផ្លូវ និងបាចកៅស៊ូ ផលប៉ះពាល់សព្វថ្ងៃនេះ អ្នកធ្វើចរាចរពិការក្នុងការបើកបរឧបសគ្គ គឺដុំថ្មពិបាកបើកបរម៉ូតូ និងរថយន្ត។
ប្រជាពលរដ្ឋបានធ្វើការសំណូមពរដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួយសួរនាំខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនេះផង ជាពិសេសពួគាត់ស្នើរឲ្យខាងមន្ទីរជួយគៀរយកដុំថ្មទាំងនោះ ចេញពីផ្លូវថ្នល់វិញ ប្រយោជន៍ពួកគាត់ស្រួលក្នុងការបើកបរ។
លោក សុក សេរ៉ា មន្រ្តីអ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះថា ខេត្តក៏មិនបានយល់ពីបច្ចេកទេជួសជុលថ្នល់នេះដែរ ដោយអ្នកនាំពាក្យរូបនេះ បានបង្វែរទៅសួរខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីវិញ។
លោក សុក សេរ៉ា បានបន្តថា ការជួលជុលផ្លូវមួយនេះ មិនមែនតែប្រជាពលរដ្ឋក្នុង ក្រុងសែនមនោរម្យ ធ្វើការរិះគន់នោះទេសូម្បី តែបងប្អូនជនជាតិភាគតិចព្នង មកពីមូលដ្ឋានក៏ពួកគាត់សើចចំអកដែរ ទាក់ទងទៅ និងការជួសជុលផ្លូវសង្ស័យខុសបច្ចេកទេស ឬមិនត្រូវតាមបទដ្ឋានបច្ចេកទេសខាងលើនេះដែរ។
Fresh News មិនអាចសុំការពន្យល់ពីលោក ម៉ៅ ធនារ័ក្ស ប្រធានមន្ទីរបានទេនៅរសៀលថ្ងៃនេះ៕