(ភ្នំពេញ)៖ អ្នកនាំពាក្យសកម្មមួយរូបរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានបញ្ជាក់ជាថ្មីដល់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះថា ក្រុមហ៊ុនយក្សរបស់អាមេរិក Walmart ដែលនាំចេញផលិតផលស្បែកជើងធំជាងគេពីប្រទេសកម្ពុជា និងជាក្រុមហ៊ុនដែលនាំចេញផលិតផលសម្លៀកបំពាក់លំដាប់ទី២ពីកម្ពុជា នឹងបន្តបញ្ជាទិញផលិតផលពីកម្ពុជា និងបង្កើនការវិនិយោគបន្ថែមទៀត។

លោក ហេង សួរ បានថ្លែងឲ្យដឹងថា ការអះអាងរបស់ក្រុមហ៊ុន Walmart ក្នុងការបន្តបញ្ជាទិញទំនិញពីកម្ពុជានេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោក Scott Price ដែលជាអនុប្រធានប្រតិបត្តិ នៃក្រុមហ៊ុន Walmart ជាមួយឯកឧត្តម អ៊ិត សំហេង កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ ដែលនៅពេលនោះក្រុមហ៊ុន Walmart បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្រ្តីថា នឹងបន្តបញ្ជាទិញផលិតផល ពីកម្ពុជា ពីព្រោះកម្ពុជាមានលក្ខខណ្ឌការងារល្អ និងមានយន្តការច្បាស់លាស់ក្នុងការធានាលក្ខខណ្ឌការងារជូនកម្មករនិយោជិត ដូចជា កម្មវិធីរោងចក្រកាន់តែប្រសើរ នៅកម្ពុជា (ILO-BFC) និងកម្មវីធីគំនិតផ្តួចផ្តើមសកល (Global Deal Initiative) របស់ប្រទេសស៊ុយអ៊ែត និងកម្មវិធីពង្រឹងកិច្ចសន្ទនាសង្គមរបស់អង្គការ GIZ ក៏ដូចជាការសហការជាមួយ អង្គការសហជីពរបស់សហរដ្ឋអាមេរិក ACILS។ល។ កម្ពុជាជាប្រទេស ដែលផ្តល់សច្ចាប័នអនុសញ្ញាអន្តរជាតិខាងការងារ (ILO Convention) ច្រើនជាងគេនៅក្នុងតំបន់អាស៊ីនេះ ហើយកម្ពុជាបានសហការជាមួយអង្គការ ILO កំណត់យន្តការ និងរូបមន្តចរចាប្រាក់ឈ្នួលអប្បបរមាមួយច្បាស់លាស់ ដែលអាចព្យាករណ៍បាន»។

លោក ហេង សួរ ក៏បានបញ្ជាក់ថា លិខិតរបស់ក្រុមហ៊ុន Walmart គឺជាសារវិជ្ជមានពីព្រោះមិនមានចំណុចណាមួយដែលកម្ពុជាខ្វះចន្លោះនោះឡើយ។ កម្ពុជាកំពុងមានទំនាក់ទំនងការទូត ជាប្រក្រតី ជាមួយសហរដ្ឋអាមេរិក ហើយក្រសួងក៏កំពុងសហការជាមួយអង្គការសហជីពរបស់សហរដ្ឋអាមេរិក ACILS ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានអង្គការ Solidarity Center មកពីទីក្រុងវ៉ាស៊ីនតោន នាពាក់កណ្តាលខែមករា ឆ្នាំ២០១៨ខាងមុខនេះផងដែរ។ ក្រសួងក៏បានត្រៀមនឹងចុះអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការគ្នាជាមួយអង្គការ ACILS របស់សហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចនេះផងដែរ។ លិខិតរបស់ក្រុមហ៊ុន Walmart គឺជាការលើកទឹកចិត្តដល់រោងចក្រ ក៏ដូចជាកម្មករនិយោជិត ដែលកំពុងធ្វើការនៅតាមបណ្តា រោងចក្រដែលផ្គត់ផ្គង់ផលិតផលដល់ក្រុមហ៊ុន Walmart។

ដូច្នេះការប៉ុនប៉ងបកស្រាយក្នុងន័យអវិជ្ជមាន ដើម្បីធ្វើឱ្យបាត់បង់ផលប្រយោជន៍ ឬឆ្នាំងបាយរបស់កម្មករនិយោជិតខ្មែរ ដោយបុគ្គលណាមួយគឺជាទង្វើរដែលត្រូវតែថ្កោលទោស និងជាទង្វើខ្វះការទទួលខុសត្រូវចំពោះកម្មករនិយោជិត និងក្រុមគ្រួសាររបស់កម្មករនិយោជិត។

លោក ហេង សួរ បានបន្ថែមថា កន្លងមកដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានគោលនយោបាយមួយយ៉ាងច្បាស់លាស់គឺ ការផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ហើយក៏ត្រូវបានរាជរដ្ឋាភិបាលគាំទ្រ និងបានអនុវត្តយ៉ាងស្មោះត្រង់តាមគោលនយោបាយពាណិជ្ជកម្មនេះ រហូតដល់អង្គការ ILO និងសហរដ្ឋអាមេរិកយកគំរូនេះទៅបញ្ចុះបញ្ចូល បណ្តាប្រទេសផ្សេងទៀតឱ្យទទួលយកគោលការណ៍នេះដែរ៕