(ស្ទឹងត្រែង)៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ដឹកនាំរៀបចំពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៥ ក្រោមប្រធានបទ «ធ្វើឲ្យមានភាពរឹងមាំ ស្របនឹងសង្គមមួយមានសន្តិភាពសម្រាប់ទាំងអស់គ្នា»

ក្នុងពិធីដែលបានធ្វើនៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តស្ទឹងត្រែង ​ក៏មានការអញ្ជើញចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនជនពិការជាចំនួន ១៧៤នាក់ផងដែរ។

លោកអភិបាលខេត្ត បានលើកឡើងថា ប្រទេសកម្ពុជា​ប្រារព្ធទិវាជនពិការកម្ពុជាលើកទី១៩​នេះឡើង ដើម្បីរំលឹកគុណូបការដល់វីរៈជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។

លោក ម៉ុម សារឿន ​ក៏បាននាំយកអំណោយរបស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ជូនដល់បងប្អូនជនពិការ ចំនួន១៧៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី​១កេស, ត្រីខ​១យួរ, ស្ករស​១គីឡូក្រាម, ទឹកដោះគោ​២កំប៉ុង, ភួយចំនួន១ និងថវិការ​២០,០០០រៀល៕