(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍមានគ្រប់ទីកន្លែង លើគ្រប់វិស័យ ទាំងវិស័យសុខាភិបាល វិស័យបច្ចេកវិទ្យា វិស័យអប់រំគ្រប់ផ្នែក និងគ្រប់កម្រិត។ នេះការចូលរួមចំណែកដ៏សកម្ម ក្នុងកាអភិវឌ្ឍធនធានមនុស្សបម្រើឲ្យវិស័យសុខាភិបាលសំដៅពង្រឹង សេវាកម្មសុខាភិបាល ឲ្យកាន់តែប្រសើរទាំងចំណេះដឹង និងចំណេះធ្វើនៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាសុខភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។
លោក ឃួង ស្រេង បានថ្លែងលើកឡើងបែបនេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់វិញ្ញាបនបត្រមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថានជំនាន់ទី៣ រួមមាន៖ អាជីវករ ពាណិជ្ជករ អ្នកគ្រប់គ្រងទូទៅអ្នកលក់ឱសថ និងតំណាងមូលដ្ឋានអាជីវកម្មលក់ឱសថ អាហារបំប៉នសុខភាព និងគ្រឿងសំអាងក្នុងរាជធានីភ្នំពេញចំនួន៧១៨នាក់ នៅសាលមហោស្រពចេនឡា កាលពីចុងសប្តាហ៍ទៅកន្លងទៅ។
លោក ឃួង ស្រេង ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវគិតដល់សុខភាពប្រជាពលរដ្ឋជាចំបង ព្រោះឱសថ ជាអាវុធមុខពីរ អាចព្យាបាលអ្នកជំងឺក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។ ចំណែកលោកបណ្ឌិត ឡី សុភាព ប្រធានសមាគមអ្នកលក់ឱសថកម្ពុជា និងជាប្រធានសហព័ន្ធវិនិយោគិន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ឃួង ស្រេង ដែលបានអនុញ្ញាតឲ្យមានការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានសម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាននេះបន្តទៀត ដើម្បីឲ្យសិក្ខាកាមទាំងអស់ទទួលបានចំណេះដឹងបទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់ឱសថ ការទុកដាក់ឱសថ និងច្បាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដែលពាក់ព័ន្ធវេជ្ជសាស្ត្រ និងឱសថសាស្ត្រសម្រាប់ជាទុន ក្នុងការអនុវត្តការងារបម្រើសុខភាពប្រជាជនបានល្អប្រសើរ។
តាងនាមឲ្យគណៈគ្រប់គ្រងវគ្គបណ្តុះបណ្តាល និងសិក្ខាកាម នៃវគ្គបណ្តុះបណ្តាលទាំង៣វគ្គ លោកបណ្ឌិត ឡី សុភាព បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះគណៈអធិបតីភ្ញៀវកិត្តិយស លោក លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ ដែលបានឆ្លៀតឱកាស និងចំណាយពេលដ៏មានតម្លៃចូលរួម ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ។
លោកបណ្ឌិត ឡី សុភាព ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលបានគាំទ្រ និងសហការល្អ ជាពិសេសម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រងទូទៅ អ្នកលក់ឱសថ និងតំណាងមូលដ្ឋានអាជីវកម្មលក់ឱសថ អាហារបំប៉នសុខភាព និងគ្រឿងសម្អាង ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន។
ជាងនេះទៅទៀតលោក ឃួង ស្រេង បានគាំទ្រ និងអនុញ្ញាតឱ្យមានការបើកវគ្គបណ្តុះបណ្តាលមូលដ្ឋាន សម្រាប់អ្នកលក់ឱសថ តាមឱសថស្ថាននេះបន្តទៀត ដើម្បីឱ្យសិក្ខាកាមទាំងអស់ទទួលបាន ចំណេះដឹងបទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់ឱសថ ការទុកដាក់ឱសថ និងច្បាប់ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិដែលលពាក់ព័ន្ធ វេជ្ជសាស្ត្រ និងឱសថសាស្ត្រ សម្រាប់ជាទុន ក្នុងការអនុវត្តការងារបម្រើសេវាសុខភាពប្រជាជន បានល្អប្រសើរ ដើម្បីឲ្យវិស័យសុខាភិបាលកម្ពុជាកាន់តែរីកចម្រើន៕