(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទ កម្លាំងប្រដាប់អាវុធ អាជីវករ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ជិត១០០០នាក់ ចុះសម្អាតបរិស្ថានតាមដងផ្លូវ ដើម្បីទទួលភ្ញៀវទេសចរបរទេស ចម្រុះជាតិសាសន៍ លើសកលលោក ដែលចូលមកទស្សនា ក្នុងឱកាសបុណ្យចូលឆ្នាំសកលខាងមុខនេះ និងតាមប្រាង្គប្រាសាទនានានៅតំបន់ទេសចរណ៍។
លោក សាន ស៊ានហូ បានថ្លែងថា ការធ្វើពលកម្មសម្អាតតាមដងផ្លូវជាតិលេខ៥ ជុំវិញក្រុងប៉ោយប៉ែតនេះ យើងតែធ្វើជាប្រចាំ និងកម្មវិធីផ្សេងៗ ហើយសម្អាត ប្រមូលសំរាម តាមដងផ្លូវសាធារណៈនេះ យើងធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ អាជីករ កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន កាន់តែមានភាពជិតស្និតនឹងគ្នា រស់នៅក្នុងសហគមន៍មួយរួមគ្នា ត្រូវចេះស្រឡាញ់គ្នា ស្រឡាញ់បរិស្ថាន មានអនាម័យល្អ ទើបជិវិតរស់នៅមានសុខភាពល្អទាំងអស់គ្នា។
លោក សាន ស៊ានហូ បានបន្តថា ការរួមគ្នាសម្អាតទីក្រុងនេះ គឺធ្វើឲ្យទីក្រុងស្អាតមានសោភ័ណភាពល្អ បរិស្ថានល្អ ប្រកបដោយអនាម័យ ដើម្បីទទួលនូវឆ្នាំថ្មី ឆ្នាំសកល២០១៨ និងភ្ញៀវអន្តរជាតិចម្រុះជាតិសាសន៍ ដែលបានអញ្ជើញមកទស្សនាប្រទេសកម្ពុជា និងប្រាសាទអង្គរវត្ត ខេត្តសៀមរាប និងតាមបណ្តាលខេត្តផ្សេងៗ របស់យើង គឺភ្ញៀវទាំងអស់ត្រូវឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែត មួយនេះសិនមុននឹងទៅដល់ កន្លែងផ្សេងៗ។
អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអាជីវករ អ្នកលក់ដូរតាមដងផ្លូវត្រូវរៀបចំសំរាមដាក់ក្នុង ស្បោងប្លាសស្ទីក ហើយយកទៅដាក់ក្នុងធុងសំរាម ឲ្យបានត្រឹមត្រូវកុំចោលពាលវាល ដែលជាហេតុធ្វើឲ្យបរិស្ថានយើងមិនល្អ ដូច្នេះយើងទាំង អស់គ្នាត្រូវតែរួមគ្នាការពារបរិស្ថានក្នុងប្រទេសយើង។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបរិស្ថានខាងលើនេះ លោកអភិបាលក្រុងប៉ោយប៉ែត បានដឹកនាំមន្ត្រីរាជការក្រោមឱវាទគ្រប់លំដាប់ថ្នាក់ ប្រជាការភូមិ សិស្សានុសិស្ស ប្រជាពលរដ្ឋជិត១០០០នាក់ បានធ្វើដំណើថ្នើជើងទាំងអស់គ្នាចាប់ពី បរិវេណវត្តបាលិលេយ្យ ឆ្ពោះទៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកបរិវេណផ្សារអគ្គថ្មី ចាស់ ហើយឆ្ពោះមកកាន់ផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល៕