(សៀមរាប)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត ជាមួយក្រុមថ្នាក់ដឹកនាំក្រសួងគ្រប់ផ្នែកទាំងអស់ មន្រ្តីរាជការ តំណាងក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ លោក រដ្ឋមន្រ្តី វង សូត ក៏បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា ដែលបានបំពេញការងារ យ៉ាងសកម្ម យកអស់កម្លាំងកាយ និងស្មារតីប្រកប ដោយសាមគ្គីភាព និងការទទួលខុសត្រូវ ជូនក្រសួង ជូនរាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី ក៏បានអរគុណ ដល់ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ផ្នែកឯកជន បណ្តាអង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ការផ្តល់សេវាសង្គមកិច្ច ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សំដៅលើកកម្ពស់សុខុមាលភាពជូនប្រជាជនកម្ពុជា។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ សម្រេចបាន នូវសមិទ្ធផល ជាច្រើនជូនជាតិ និងប្រជាជន ជាក់ស្តែង ឃឿនការពារប្រទេសកាន់តែ ត្រូវបានពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ ត្រូវបានរក្សាការពារ យ៉ាងរឹងមាំ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅមានសុខសន្តិភាព ។

រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ពាក់ព័ន្ធ នឹងផ្នែកសង្គមកិច្ច រាជរដ្ឋាភិបាល បានអនុម័ត និងប្រកាសដាក់ឲ្យប្រើប្រាស់ ក្របខណ្ឌ គោលនយោបាយជាតិគាំពាសង្គម ២០១៧-២០៣០ ដែលជាឯកសារគោលសំខាន់ៗ សម្រាប់ក្រសួង ស្ថាប័ន យកទៅអនុវត្ត។ សម្រាប់ឆ្នាំ២០១៧នេះ​ យុទ្ធសាស្រ្ត៣យ៉ាង​កម្មវិធីអាទិភាព ៨ចំណុច ត្រូវបានជំរុញ អនុវត្តប្រកបដោយលទ្ធផលផ្លែផ្ការួមមាន៖

១៖ សេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះ កុមារ មនុស្សចាស់ មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន

២៖ សេវាសុខុមាលភាពកុមារ បានបន្តរីកចម្រើនឥតឈប់ឈរ

៣៖ សេវាសុខុមាលភាពជនពិការ ត្រូវបានទទួលការយកចិត្តទុកដាក់

៤៖ សេវាសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់

៥៖ របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បានដំណើរការយ៉ាងសកម្ម

៦៖ វិស័យអតីតយុទ្ធជន ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់

៧៖ ក្រសួងបានលើកទឹកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ

៨៖ ពង្រឹងអភិបាលកិច្ចតាមរយៈ ការជ្រើសរើសមន្រ្តីក្របខណ្ឌថ្មី

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបញ្ជាក់ថា ទន្ទឹមនឹងសមិទ្ធផលសំខាន់ៗ ដែលបានលើកឡើង ក្រសួងក៏នៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឲ្យយើងរួមគ្នា​បន្តកិច្ចខិតខំប្រឹងប្រែង រកដំណោះស្រាយ ដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក ដោយប្រថុយប្រថានរបស់ប្រជាពលរដ្ឋ បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្រ្តជាដើម។

លោក វង សូត បានសង្កត់ធ្ងន់ថា ដើម្បីចូលរួមចំណែកដោះស្រាយ បញ្ហាប្រឈមទាំងនេះ អ្នកដែលមានចំណែកពាក់ព័ន្ធ និងមន្រ្តីរាជការក្រសួងគ្រប់ផ្នែក ត្រូវពង្រឹងការងារលើ សេវាសុខុមាលភាពសង្គម សម្រាប់ជនក្រីក្រ និងងាយរងគ្រោះ កុមារ មនុស្សចាស់ មន្រ្តីរាជការស៊ីវិល និងអតីតយុទ្ធជន, សេវាសុខុមាលភាពកុមារ បានបន្តរីកចម្រើនឥតឈប់ឈរ, សេវាសុខុមាលភាពជនពិការ ត្រូវបានទទួលការយកចិត្តទុកដាក់, សេវាសុខុមាលភាពមនុស្សចាស់ ត្រូវបានយកចិត្តទុកដាក់
, របបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល បានដំណើរការយ៉ាងសកម្ម, វិស័យអតីតយុទ្ធជន ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងបន្តខិតខំកសាងសមត្ថភាពស្ថាប័ន ពង្រឹងស្មារតីទទួលខុសត្រូវ មានមនសិកាវិជ្ជាជីវៈ របស់មន្រ្តីសង្គមកិច្ចគ្រប់លំដាប់ថ្នាក់ បន្តពង្រឹង និងពអ្រីកដំណើរការងារឲ្យកាន់តែល្អប្រសើរ និងរលូនទៅមុខជាបន្តបន្ទាប់។

រដ្ឋមន្រ្តី វង សូត ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងយកចិត្តទុកដាក់ ចំពោះវិស័យសង្គមកិច្ច អតីតយុទ្ធវន និងយុវនីតិសម្បទា តែងផ្តល់អនុសាសន៍ដឹកនាំ ឧបត្ថម្ភធនធាន និងថវិកាផ្ទាល់ខ្លួនជាច្រើនរាប់មិនអស់ ចំពោះជនក្រីក្រ ជនងាយរងគ្រោះ មនុស្សចាស់ ជនពិការ កុមារកំព្រា និងកុមារងាយរងគ្រោះ។

គួរបញ្ជាក់ថា កិច្ចប្រជុំសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៧ និងលើកទិសដៅអនុវត្តបន្ត ដែលរៀបចំធ្វើនៅលើទឹកដី ខេត្តសៀមរាបនេះ នឹងបិទបញ្ចប់សន្និបាតនៅល្ងាច ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ៕