(សៀមរាប)៖ គណៈប្រតិភូចិនមកពីខេត្តយូណាន នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ បានជួបពិភាក្សាការងារជាមួយអាជ្ញាធរជាតិអប្សរា នៅស្នាក់ការអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់ និងសហប្រតិបត្តិការលើការងារអភិរក្ស និងជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ។
ជាកិច្ចចាប់ផ្តើមទៅកាន់គណៈប្រតិភូខេត្តយូណាន លោក ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានរៀបរាប់ពីការងារស្នូលរបស់អាជ្ញាធរជាតិអប្សរា ដែលដើរតួយ៉ាងសំខាន់ក្នុងការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ។
លោកបន្ថែមថា មកដល់ឆ្នាំ២០១៧នេះ គឺមានរយៈពេល២៥ឆ្នាំហើយ ដែលរមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ធ្នូ ឆ្នាំ១៩៩២។ ក្នុងរយៈពេលនេះ អង្គរទទួលបានជោគជ័យជាច្រើនទាំងក្របខណ្ឌជាតិ និងអន្តរជាតិ ពោលសម្រេចបាននូវការរក្សាតម្លៃលេចធ្លោរជាសកល តាមរយៈការងារអភិរក្ស ការងារអភិវឌ្ឍន៍ប្រកបដោយចីរភាពដែលផ្តោត លើវិស័យទេសចរណ៍ បរិស្ថាន ព្រៃឈើ និងសហគមន៍មនុស្ស។
លោក Zhou Hong អគ្គនាយករងទទួលបន្ទុកផ្នែកការងាររៀបចំអភិវឌ្ឍន៍ក្រុង នៃខេត្តយូណាន បានរៀបរាប់ពីភូមិសាស្រ្តនៃខេត្តយូណាន ជាពិសេសខេត្តនេះ មានរមណីយដ្ឋានចំនួន៥ ដែលបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
លោក Zhou Hong បានដឹកនាំប្រតិភូទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបានមើលឃើញពីការងារជួសជុលទាំងឡាយ ហើយលើកសរសើរថា ការជួសជុលនោះមានបច្ចេកទេសត្រឹមត្រូវ ដែលគួររៀនសូត្រតាម។ ក្រៅពីកោតសរសើរចំពោះការងារអភិរក្សហើយនោះ លោក Zhou Hong ក៏បានអញ្ជើញលោកអគ្គនាយកអាជ្ញាធរជាតិអប្សរា ទៅទស្សនកិច្ចនៅខេត្តយូណានផងដែរ។
ជាកិច្ចឆ្លើយតប លោក ស៊ុំ ម៉ាប់ បានសម្តែងអារម្មណ៍រីករាយ និងស្វាគមន៍ចំពោះគម្រោងកិច្ចសហប្រតិបត្តិការនានា ក្នុងបំណងអភិរក្ស និងជួសជុលរមណីយដ្ឋានអង្គរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ល្អៗ រវាងគ្នាទោវិញទៅមក និងការបណ្តុះបណ្តាលធនធានមនុស្ស។ ជាមួយគ្នាដែរនោះ លោកក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរជាតិអប្សរា ក៏មានសហប្រតិបត្តិការជាមួយស្ថាប័នបណ្ឌិតសភាចិន សម្រាប់បេតិកភណ្ឌវប្បធម៌ ដែលបានជួសជុលប្រាសាទចៅសាយទេវតា និងកំពុងដំណើរការជួសជុលប្រាសាទតាកែវ។
បច្ចុប្បន្ន មានប្រទេស និងស្ថាប័នអន្តរជាតិជាង៥០ ដែលកំពុងចូលរួមជួសជុលប្រាសាទក្នុងរមណីយដ្ឋានអង្គរ ទៅលើប្រាសាទជាង៥០ ក្នុងចំណោម៩១ប្រាសាទ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅកម្ពុជា៕