(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែងអភិបាលថ្មីក្រុងព្រៃវែង ដោយតែងតាំងលោក ម៉ននី បណ្ឌិត ជំនួសលោក លាត ភិរុណ ដែលត្រូវបានតែងតាំងមុខតំណែងថ្មី។
នៅក្នុងពិធីខាងលើនេះ ទាំងលោក ជា សុមេធី និងលោក ស្បោង សារ៉ាត់ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លោក លាត ភិរុណ អភិបាលក្រុងចាស់ ដែលបានផ្ទេរទៅកាន់ភារកិច្ចថ្មី ដោយកន្លងមក បានសហការគ្នាយ៉ាងល្អធ្វើឲ្យក្រុងព្រៃវែង មានការរីចំរើន និងប្រែមុខមាត់ថ្មី។
ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្តាំផ្ញើឲ្យលោក ម៉ននី បណ្ឌិត អភិបាលក្រុងថ្មីត្រូវបន្តកិច្ចការងារបន្តរពីលោកអភិបាលក្រុងមុនឲ្យបានល្អ, ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត, ទំនាក់ទំនងជាមួយក្រុមប្រឹក្សាក្រុងឲ្យបានល្អ ខិតខំគៀងគរជំនួយពីដៃគូរអភិវឌ្ឍនានាទាំងជាតិ និងអន្តរជាតិ សម្រាប់អភិវឌ្ឍក្រុង, អនុវត្តឲ្យបានល្អនូវអ្វីដែលបានប្តេជ្ញាចិត្តនៅក្នុងពិធីថ្ងៃនេះ, ណែនាំដល់មន្រ្តីរាជការទាំងអស់ហាមផឹកគ្រឿងស្រវឹង ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ដល់ខ្លួនឯង និងអ្នកដ៍ទៃ, ខិតខំដោះស្រាយបញ្ហា ដីធ្លីដោយឈលើមូលដ្ឋានច្បាប់, ខិតខំបំរើនិងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ, ខិតខំចុះតាមភូមិ-សង្កាត់ ដើម្បីក្តាប់សូមណូមពរនានារបស់ប្រជាពលរដ្ឋ និងត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា, លុបបំបាត់ល្បែងស៊ីសង ខុសច្បាប់ និងការជួញដូរការប្រើប្រាស់គ្រឿងញៀន នៅក្នុងក្រុងទាំងមូល និងត្រូវថែរក្សាសន្តិភាពដែលមានឲ្យបានគង់វង្ស និងក្តាប់ព័ត៌មានឲ្យបាននូវការឃោសនាណា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម៕