(កណ្ដាល​)៖ ​នគរបាលខេត្តកណ្តាល​ នៅព្រឹកថ្ងៃទី២៧​ ខែធ្នូ​ នេះ​ កម្ទេចមាន់ជល់ចំនួន៩២ក្បាល​ ដែលបង្ក្រាបបាននៅឃុំអរិយក្សត្រ​ ស្រុកល្វាឯម​ ដែលមានម្ចាស់ទីតាំងឈ្មោះ​ ថៃ​ ផានី​ ហៅម៉ាប់​ កូនប្រសារលោក ហ៊ុន​ សាន​ ។

ដីកាសម្រេចរបស់លោកហុក​ វ៉ាន់ធីណា​ ប្រធានសាលាដំបូងខេត្តកណ្តាល​ និង​ ជាចៅក្រមស៊ើបសួរ​ ព្រមទាំងលោកឯក​ ស៊ុនរស្មី​ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល​ យល់ឃើញថា «ការថែរក្សានូវមាន់ជល់ចំនួន៩២ក្បាល​ មានការលំបាកនិងចំណាយសោហ៊ុយផ្សេងៗនិងដើម្បីបង្ការកុំឱ្យមានបទល្មើសកើតឡើងជាថ្មី​ និង​ ដើម្បីពន្លឿននីតិវិធីនៃការស៊ើបសួរឱ្យបានឆាប់រហ័ស​ គប្បីចៅក្រមស៊ើបសួរកម្ទេចចោលនូវមាន់ជល់ចំនួន៩២ក្បាលនេះ​»

គួររំលឹកថា​ ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ នៅ​ឃុំ​អរិយក្សត្រ​ ខេត្ត​កណ្ដាល​ និង​ នៅ​ស្រុក​បាទី​ ខេត្ត​តាកែវ​ លោក​ ថៃ​ ផានី​ ហៅ​ម៉ាប់​អូស្ត្រាលី​ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ​ កាលពី​ល្ងាច​ថ្ងៃ​ទី​០៥​ ខែ​ធ្នូ​ ឆ្នាំ២០១៧​ ដើម្បី​រង់ចាំ​ការ​ស៊ើបសួរ​បន្ត​ទៀត​ ។​ រីឯ​អ្នក​លេង​ល្បែង​ជល់​មាន់​៦៤នាក់​ ត្រូវបាន​តុលាការ​តុលាការ​ជំនុំជម្រះ​ភ្លាម​ រួច​ផ្តន្ទា​ទោស​មួយ​ខែ​តែ​ទោស​នេះ​ត្រូវ​ព្យួរ​ ហើយ​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ។

មន្ត្រី​តុលាការ​បញ្ជាក់​ថា​ លោក​ ថៃ​ ផានី​ ហៅ​ម៉ាប់​អូស្ត្រាលី​ ត្រូវ​បាន​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ចោទប្រកាន់​ពី​បទ ​«ភ្នាក់ងារ​ល្បែង​ស៊ីសង​ខុសច្បាប់​»​ តាម​មាត្រា​៥ច្បាប់​ស្តីពី​ការ​បង្ក្រាប​ល្បែង​ស៊ីសង​។

សូម​បញ្ជាក់​ថា ម្ចាស់សង្វៀនជល់មាន់ដ៏ធំចំនួនពីរ​កន្លែង ត្រូវ​បាន​បញ្ជូនទៅសួរនាំបន្ត នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីរូបគេបានចូលខ្ល​ន ប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ ។

លោក​ឧត្តម​សេនីយ៍​ទោ​ អ៊ាវ​ ចំរើន​ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល​បញ្ជាក់​ថា​ តាមតួលេខចុងក្រោយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធក្នុងរង្វង់ប្រតិបត្តិការចុះបង្ក្រាប មានចំនួន៦៤នាក់ ខណៈដំបូងមនុស្សជាង១៥០នាក់ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន ប៉ុន្តែខ្លះជាជាងសំណង់ ក៏អនុញ្ញាតឱ្យ​ត្រឡប់ទៅវិញ។

សម្រាប់វត្ថុតាងដែលត្រូវបានរឹបអូសវិញ លោក​ស្នងការ​ បាន​បញ្ជាក់ថា រថយន្តមានចំនួនជិត៦០គ្រឿង ម៉ូតូជាង១០០គ្រឿង ព្រមទាំងមាន់ជល់ជាង១០០ក្បាល។

ចំណាត់ការ​ដ៏​ក្តៅ​របស់​សមត្ថកិច្ច​នេះ​ បន្ទាប់ពីមានបទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជា​ឱ្យ​ម្ចាស់សង្វៀនជល់មាន់ល្មើសច្បាប់ដ៏ធំនៅអរិយក្សត្រ ខេត្តកណ្តាល និងនៅស្រុកបាទី ខេត្តតាកែវ ឱ្យ​ប្រគល់ខ្លួន​ឱ្យ​កម្លាំងសមត្ថកិច្ច ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ។

សម្តេច​តេជោ ​ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា​ «ខ្ញុំបញ្ជាឱ្យ​អ្នកនៅពីក្រោយខ្នង ករណីបើកសង្វៀនជល់មាន់ដ៏ធំនៅ​អរិយក្សត្រ​ ខេត្តកណ្តាល ប្រគល់ខ្លួន​ឱ្យ​សមត្ថកិច្ចជាបន្ទាន់។ បើពួកគេមិនប្រគល់ខ្លួនទេ ខ្ញុំនឹង បញ្ជាឱ្យ​សមត្ថកិច្ចតាមចាប់ខ្លួន​ឱ្យ​ខាងតែបាន ដើម្បីចាត់វិធានការ តាមផ្លូវច្បាប់ដោយគ្មានការលើកលែង ឬបន្ធូបន្ថយ បើទោះអ្នកទាំងនោះជាក្មួយ ឬក៏ក្មួយប្រសារបស់ខ្ញុំក៏ដោយ»

ប្រតិបត្តបង្រ្កាបសង្វៀនជល់មាន់ទ្រង់ទ្រាយធំនេះ កម្លាំងនគរបាលរបស់លោកប្រមាណ១៥០នាក់ សហការជាមួយកម្លាំងអាវុធហត្ថ ជាង២០នាក់។ ប្រតិបត្តិការក្នុងរូបភាពដ៏ធំបែបនេះ ក៏បានកើតឡើងដូចទៅនឹងប្រតិបត្តិការកាលពីម្សិលមិញ នៅក្នុងទឹកដី ស្រុកបាទី ខេត្តតាកែវ ដែលអភិបាលខេត្ត លោក ឡាយ វណ្ណៈ ដែលដឹកនាំកម្លាំងនគរបាលកម្លាំងអាវុធហត្ថ និងកម្លាំងទាហាន ចុះទៅបង្ក្រាបទីតាំងសង្វៀនជល់មាន់ និងបាញ់អាប៉ោងដ៏ធំ និងដុះស្លែផងដែរ។

ក្រោយចុះបង្ក្រាបនេះ សមត្ថកិច្ចបានសម្រេចកម្ទេចទីតាំងសង្វៀនជល់មាន់ដ៏ធំនេះហើយ៕