(ពោធិ៍សាត់)៖ លោក ម៉ៅធននិ អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា នៅក្នុងសង្គមជាតិយើង នាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យវិស័យសាសនានានា រួមទាំងវិស័យសាសនាគ្រឹស្ទផង មានការរីកចម្រើនឥតឈប់ឈរ។

លោក ម៉ៅ ធនិន បានថ្លែងបែបនេះ ក្នុងឱកាសលោកបានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យណូអែល ជាថ្ងៃរំលឹកដល់ថ្ងៃកំណើតព្រះយេស៊ួគ្រឹស្ទ ដោយបានការចូលរួមពីអភិបាលរងខេត្ត លោកឧកញ៉ា សៀ សុភ័ក្រ ប្រធានសមាគមព្រះគុណអស្ចារ្យ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រូគង្វាលគ្រប់ស្រុកក្រុង គ្រឹស្ទបរិស័ទ និងប្រជាពលរដ្ឋ ជាង២ពាន់នាក់ នាល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅបរិវេណបូរីវប្បធម៌កោះសំពៅមាស ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោក ម៉ៅធននិ បានសង្កត់ធ្ងន់ថា «សាសនាទាំងអស់ បានកើតមានប្រកបទៅដោយសុខដុមរមនីកម្ម មិនមានការខ្វែងគំនិត ការរំលោភសិទ្ធិសេរីភាពសាសនាណាមួយឡើយ គឺស្ថិតនៅក្រោមដំបូលតែមួយគត់របស់រាជរដ្ឋាភិបាល និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានចាប់កំណើតឡើងវិញម្តងទៀត ក្នុងពេលតែមួយ គឺថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩»។

លោក ម៉ៅធននិ បានបញ្ជាក់ថា ភាពសុខសាន្តនៅក្នុងសង្គមជាតិ ក៏ដូចក្នុងសង្គមគ្រួសារ គឺផ្តើមចេញពីយើងចេះស្រលាញ់ យោគយល់ អធ្យាស្រ័យគ្នា និងចេះថែរក្សាការពារសុខសន្តិភាព ដែលកំពុងមានបច្ចុប្បន្ន កុំឲ្យសត្រូវមកបំបែកបាន។ ជាមួយគ្នានោះលោកបានអំពាវនាវ ទៅដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសហការគ្នាក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា។

លោក ឡេង សានូ និងលោកឧកញ៉ា សៀ សុភ័ក្រ បានថ្លែងថា ក្រោមការដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យសង្គមជាតិទាំងមូល មានសុខសន្តិភាព ស្ថេរភាពបរិបូណ៌ ទើបធ្វើឱ្យយើងមានឱកាស និងសិទ្ធិសេរីភាពពេញលេញ ក្នុងការរស់នៅ និងសិទ្ធិជឿលើសាសនា ដែលខ្លួនពេញចិត្ត។ ថ្នាក់ដឹកនាំគ្រឹស្ទបរិស័ទបានបញ្ជាក់ថា ថ្ងៃបុណ្យណូអែល ជាវិស្វមកាលមួយដែលធ្វើឲ្យមនុស្សម្នាជុំវិញពិភពលោក មិនថាជាគ្រឹស្ទាន ឬមិនដែលកាន់សាសនាគ្រឹស្ទក៏ដោយ បានជួបជុំគ្នា រំលឹករឿងល្អៗ ជាពិសេសផ្តល់ និងទទួលបានកាដូពីគ្នា។

ជាក់ស្តែងនាពេលនេះ យើងបានជួបលោកអភិបាលខេត្ត ជាមេគ្រួសារប្រជាពលរដ្ឋទូទាំងខេត្ត និងជាមេគ្រួសារគ្រឹស្ទបរិស័ទយើង ដែលពោរពេញដោយចិត្តល្អ និងគំនិតអភិវឌ្ឍន៍។ ថ្នាក់ដឹកនាំគ្រឹស្ទបរិស័ទបញ្ជាក់បន្ថែមថា ព្រះយេស៊ូជាពន្លឺនៃពិភពលោក ហើយថ្ងៃទី២៥ ខែធ្នូ ជាពេលដែលល្អបំផុត ដើម្បីរំលឹកថ្ងៃកំណើតរបស់ព្រះយេស៊ូគ្រឹស្ទ។ ដោយក្តីស្រលាញ់របស់ព្រះចំពោះផែនដីមានទំហំធំធេងទើបព្រះបានប្រទាន ព្រះរាជបុត្រា តែមួយព្រះអង្គរបស់ទ្រង់គឺព្រះយេស៊ូមកចាប់កំណើតលើផែនដី ដើម្បីឲ្យអស់អ្នកណាដែលជឿដល់រាជបុត្រនោះនឹងមិនសាបសូន្យ និងទទួលជីវិតអស់កល្បទៀតផង។

ជាចុងបញ្ចប់លោក ម៉ៅ ធនិន ក៏បានប្រគល់ប័ណ្ណសរសើរដល់លោកឧកញ៉ា សៀ សុភ័ក្រ ប្រធានសមាគមព្រះគុណអស្ចារ្យ និងលោក ឡេង សានូ ប្រធានសម្ព័ន្ធភាពគ្រីស្ទបរិស័ទត្រូតេស្តង់ខេត្ត ព្រមទាំងគ្រូគង្វាលតាមបណ្តាស្រុកក្រុង និងបានទទួលកាដូ ក្នុងឱកាសអបអរសាទរថ្ងៃកំណើតព្រះយាស៊ូគ្រឹស្ទផងដែរ៕