Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម ណែនាំឲ្យអភិបាលស្រុកយកចិត្តទុកដាក់ លើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សម្រាប់រៀបចំបញ្ជីបោះឆ្នោតដំបូង ជ្រើសតាំងសមាជិកព្រឹទ្ធសភា

27-12-2017 10:58

(កំពង់ចាម)៖ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ នៅស្នាក់គណបក្សស្រុកអូររាំងឱ លោក ចាយ បូរិន អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម បានជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីសភាពការណ៍ជាក់ស្តែងជាមួយមេឃុំ សមាជិកក្រុមប្រឹក្សាឃុំទូទាំងស្រុកអូររាំងឱ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកអូររាំងឱ។

នៅក្នុងឱកាសនោះលោកតំណាងរាស្រ្ត បានណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុក យកចិត្តទុកដាក់​​ អនុវត្តឱ្យបានទាន់ពេលវេលានូវសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៦ ខែធ្នូ ស្តីពីសំណើសុំឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ ធ្វើការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែងទាំងអស់ ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដំបូង សម្រាប់ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៤ ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនឹងមានការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សូមបងប្អូនដែលមានសិទ្ធិបោះឆ្នោត ទៅបោះឆ្នោតជូនសមាជិកព្រឹទ្ធសភា ដែលមកពីគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។

បន្ទាប់ពីស្តាប់របាយការណ៍ពីសភាពការណ៍ជាក់ស្តែង របស់លោកអភិបាល នៃគណៈអភិបាលស្រុក និងការជជែកពិភាក្សាជាមួយសមាជិកចូលរួមទាំងអស់រួចមក លោក ចាយ បូរិន បានសំដែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ដល់ការបំពេញការ ងារបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍មូលដ្ឋានឱ្យ មានសុខសុវត្ថិភាព និងការរីកចម្រើន ហើយទទួលបានការ គាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ អ្នកតំណាងរាស្រ្តក៏បានក្រើនរំឭកពីអត្ថន័យ ខ្លឹមសារ និងស្មារតីដ៏ថ្លៃថ្លារបស់ថ្ងៃ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៨) ដែលរហូតមកដល់ពេលនេះមានអាយុ៣៩ឆ្នាំហើយ។ លោកបានបញ្ជាក់ថា ៧មករា មិនមែនជាកម្មសិទ្ធិរបស់អ្នកណា ឬបក្សណាមួយឡើយ ហើយក៏៏មិនមានន័យត្រឹមតែជា ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍នោះទេ។ ៧មករា គឺជារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយលើសពីការរំដោះចេញពីរបបប្រល័យពូជសាសន៍ ៧មករា បាននាំមកនូវការបញ្ចប់សង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរនិងខ្មែរ, សុខសន្តិភាព, ស្ថេរភាពនយោបាយ, លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការគោរពសិទ្ធិមនុស្សពេញលេញ, កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនជឿនលឿន, មូលធនមនុស្សរបស់កម្ពុជាកាន់តែប្រសើរឡើង និងការប្រែក្លាយប្រទេសមួយ ដែលមានប្រជាជន ប្រកបរបរជាកសិករភាគច្រើន មកប្រកបរបរជាកម្មករ និងសេវាកម្ម ដែលធ្វើឱ្យមានកំណើនជីវភាពរស់នៅកាន់ប្រសើរជាងមុនថែមទៀត។ល។

អ្នកតំណាងរាស្រ្ត ក៏បានបញ្ជាក់ផងដែរថា ដោយសារតែអំពើក្បត់ជាតិរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ ផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌ និងច្បាប់បោះឆ្នោតរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានជាធរមាន ហើយត្រូវបានតុលាការកំពូលចេញសាលដីការំលាយចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ក៏ប៉ុន្តែកម្ពុជានៅតែរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសង្គម និងកំណើនសេដ្ឋកិច្ចល្អប្រសើរដដែល។

លោកក៏បានលើកទឹកចិត្តឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅមូលដ្ឋានយកចិត្តទុកដាក់សាមគ្គីជាធ្លុងមួយរួមគ្នាបម្រើ និងផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរថែមទៀត ដោយមិនត្រូវបែងចែកនិន្នាការនយោបាយ បក្សពួក ជាពិសេសជាមួយថ្នាក់ដឹកនាំឃុំ ស្រុកដែលមកពីគណបក្សសង្រ្គោះជាតិរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕