(ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ យុវជន និងអ្នកស្វែងរកការងារចំនួនប្រមាណ១០០នាក់ បានទទួលការងារស្ទើរគ្រប់មុខតំណែងនៅផ្សារទំនើប Makro តាមរយៈវេទិកាការងារ និងការសម្របសម្រួលជ្រើសរើសបុគ្គលិកដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុន Makro គឺជានិយោជកថ្មីមួយ ក្នុងចំណោមនិយោជក បច្ចុប្បន្នសរុប ១,៦៩៤ ក្រុមហ៊ុនដែលបានសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងការជ្រើសរើសកម្លាំងពលកម្មដោយឥតគិតថ្លៃ តាមរយៈយន្តការវេទិកាការងារ ការផ្សព្វផ្សាយព័ត៌មានជ្រើសរើស បុគ្គលិកលើគេហទំព័រ និង Facebook NEA។

នាខែធ្នូ ឆ្នាំ២០១៧នេះ ក្រុមហ៊ុនបានបើកដំណើរការផ្សារទំនើបលក់ដុំដ៏ធំមួយដែលមានប្រភពទំនិញភាគច្រើននាំចូលពីប្រទេសថៃ។

លោក ចែម សុផួង ប្រធានផ្នែកធនធានមនុស្សនៅផ្សារ Makro លើកឡើងថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានជួយសម្រួលចំពោះការជ្រើសរើសបុគ្គលិក ដល់ក្រុមហ៊ុនរបស់លោកបានយ៉ាងច្រើន ជាក់ស្តែងក្នុងយុទ្ធនាការជ្រើសរើសបុគ្គលិករយៈពេល២ថ្ងៃនៅ NEA ក្រុមហ៊ុនទទួលបានបុគ្គលិក ឱ្យចូលបម្រើការងារជាង១០០នាក់។

លោកបន្តថា «ខ្ញុំមើលឃើញថា ក្រោយពីខ្ញុំមានកិច្ចសហប្រតិបត្តិការជាមួយនឹង NEA ខ្ញុំមានភាពងាយស្រួលច្រើន ព្រោះ NEA បានជួយខ្ញុំច្រើនទាំងផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក ផ្តល់កន្លែងសម្ភាសន៍ ដោយមិនគិតប្រាក់នោះទេ»។

លោកបន្ថែមថា៖ «ផ្ទុយទៅវិញ បើខ្ញុំទៅរកភ្នាក់ងារឯកជនខ្ញុំនឹងត្រូវចំណាយលុយច្រើន។ ខ្ញុំពិតជាអរគុណ NEA មែនទែន ដែលបានជួយសម្រួលដល់ខ្ញុំ»។ លោក សុផួង ក៏បានបង្ហាញពីគំនិតសុទិដ្ឋិនិយម ក្នុងការបន្តប្រើប្រាស់ និងសហការជាមួយ NEA នៅពេលរៀបចំព្រឹត្តិការណ៍ជ្រើសរើសបុគ្គលិកតាមបណ្តាខេត្តជាច្រើនរូបក្នុងពេលឆាប់ៗនេះ។

ចំណែក កញ្ញា ឡុង សុខលី មានអាយុ២០ឆ្នាំ រៀនចប់ត្រឹមថ្នាក់ទី៧ មកពីខេត្តតាកែវ ជាបេក្ខនារីមួយរូបក្នុងចំណោម បេក្ខជន រាប់រយនាក់ផ្សេងទៀត ដែលបានជាប់ការងារជាស្ថាពរផ្នែកទទួលបន្ទុកស្តង់បន្លែផ្លែឈើ នៅផ្សារម៉ាក្រូបន្ទាប់ពីនាង ទទួលបានព័ត៌មានពីទំព័រហ្វេសបុករបស់ NEAស្តីពីវេទិកាការងារ។

កញ្ញា សុខលី បានលើកឡើងថា «ខ្ញុំឃើញគេផ្សាយពីការជ្រើសរើសបុគ្គលិក ខ្ញុំក៏មកចូលរួមសម្ភាសនឹងគេ រួចក៏ជាប់ការងារ តែម្តង។ ពេលគេប្រាប់ថាខ្ញុំជាប់ការងារចឹង ខ្ញុំពិតជាសប្បាយចិត្តណាស់ ខ្ញុំបានទូរស័ព្ទទៅប្រាប់ម៉ែ និងបងប្អូននៅស្រុកថាខ្ញុំជាប់ការងារហើយ ហើយខ្ញុំក៏បានណែនាំដល់បងជីដូនមួយរបស់ខ្ញុំឱ្យដាក់CVនៅNEA ហើយគាត់ក៏បានជាប់ការងារជាមួយខ្ញុំដែរ»

គួររំលឹកថា ជារៀងរាល់ខែ NEA តែងរៀបចំវេទិកាការងារ និងសម្ភាសការងារនៅស្នាក់ការកណ្តាលដើម្បីជំរុញការទទួលបាន ឱកាសការងារ និងជ្រើសរើសបុគ្គលិកស្របតាមតម្រូវការរបស់ទីផ្សារការងារ។

បើតាមរបាយការណ៍លទ្ធផលការងារ ដែលបានធ្វើការបូកសរុបក្នុងសន្និបាតប្រចាំឆ្នាំ២០១៧នេះ ទីភ្នាក់ងារជាតិមុខរបរ និងការរងារ(NEA) បានជួយរកការងារជូនប្រជាពលរដ្ឋសរុបចំនួន ៣,៤១២ នាក់ បញ្ជូនអ្នកស្វែងរកការងារធ្វើទៅឱ្យ និយោជកដែលត្រូវការកម្លាំងពលកម្មមានចំនួន ១៦,០៧២ នាក់ បានចុះឈ្មោះអ្នកស្វែងរកការងារសរុបចំនួន ១៤,៨២៨នាក់ និងបានប្រមូលដំណឹងជ្រើសរើសពីគ្រប់ប្រភពចំនួន៨៥,៧០២ ការងារ។

យោងប្រភពដែលបានដកស្រង់សម្តីរបស់លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរនិងការងារដែលថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងការលើកផែនការការងារឆ្នាំ២០១៨របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារបានលើកឡើងថា៖“ការផ្តល់សេវាជួយស្វែងរកការងារជូនប្រជាពលរដ្ឋ គឺជាអាទិភាពចំបងរបស់រាជរដ្ឋាភិបាលដើម្បីបែងចែកឱកាសការងារជូនដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនស្មើៗគ្នាប្រកបដោយសមធម៌ និងតម្លាភាព។

លោកបានបន្ថែមថា ចក្ខុវិស័យរបស់យើង គឺប្រែក្លាយជាទីភ្នាក់ងារផ្តល់សេវាការងារប្រកបដោយគុណភាពឈានមុខគេនៅកម្ពុជាដើម្បីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលមានបំណងចង់ស្វែងរកការងារអាចទទួលបានព័ត៌មានការងារក្នុងស្រុក និងទទួលការជួយជ្រោមជ្រែងរហូតពួកគាត់ទទួលបានការងារ និងប្រាក់ចំណូលទៅតាមក្តីប្រាថ្នា។

បន្ថែមលើនេះ លោក ហុង ជឿន បានផ្តល់សារលើកទឹកចិត្តដល់មន្ត្រីទាំងអស់នៃទីភ្នាក់ងារជាតិមុខរបរ និងការងារថា «ស្នាមញញឹមរបស់អ្នកស្វែងរកការងារ និងក្រុមគ្រួសាររបស់ពួកគាត់បន្ទាប់ពីគាត់ទទួលបានការងារគឺជាកម្លាំងជំរុញទឹកចិត្តយើងទាំងអស់គ្នា។ យើងនឹងបន្តបេសកកម្មនេះបន្តទៀតជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាការងាររួមមាន ការចុះឈ្មោះអ្នកស្វែងរកការងារ ការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក ការណែនាំ ការផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជក ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅឆ្នាំ២០១៨»

គួរកត់សំគាល់ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ជាតិមុខរបរ និងការងារ ជាទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលដែលមានតួនាទីភារកិច្ចក្នុងការផ្តល់៖ សេវាការងារ និងព័ត៌មានទីផ្សារការងារទូលំទូលាយជាងគេនៅព្រះរាជាណាចក្រកម្ពុជា។

ទីភ្នាក់ងារនេះត្រូវបានបង្កើតឡើង ក្នុងទម្រង់ជាទីភ្នាក់ងារប្រតិបត្តិការពិសេសក្នុងឆ្នាំ២០០៩ ស្ថិតនៅក្រោមគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងមានស្នាក់ការកណ្តាលនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈគេហទំព័រ www.nea.gov.kh និងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ។

ទីភ្នាក់ងារនេះ កំពុងផ្តល់សេវាការងារដោយឥតគិតកម្រៃជូនដល់សាធារណៈជនទូទៅ តាមរយៈគេហទំព័រ www.nea.gov.khនិងមជ្ឈមណ្ឌលការងារដែលជាអ្នកផ្តល់សេវាជួរមុខនៅតាមរាជធានី-ខេត្តចំនួន១១រួមមាន៖ រាជធានីភ្នំពេញ ខេត្តបាត់ដំបង សៀមរាប កំពត ស្វាយរៀង តាកែវ កំពង់ចាម កំពង់ធំ ព្រៃវែង បន្ទាយមានជ័យ និងព្រះសីហនុ។ សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨ ៦៦ ៥៥ និងទំព័រ facebookneakhmer៕