(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានបន្តជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនីសរុបប្រមាណ ១៤,០៩៩នាក់ មកពីរោងចក្រចំនួន១៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន សម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខជាមួយរដ្ឋាភិបាល និងប្រជាពលរដ្ឋហ្វីលីពីន ដែលបានរងគ្រោះដោយសារឥទ្ធិពលខ្យល់ព្យុះបណ្តាលមាន ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងឆក់យកអាយុជីវិតប្រជាពលរដ្ឋមួយចំនួន។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាកាសធាតុក្តៅ រងាត្រជាក់ និងភ្លៀង មិនអាចរារាំងដំណើរចុះជួបកម្មករ និយោជិតរបស់សម្តេចបាននោះឡើយ ដើម្បីជំរុញការអនុវត្តន៍គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការគាំពារសង្គម។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសម្តែងការអបអរសាទរជាមួយកម្មករ កម្មការិនីទាំងអស់ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧០ដុល្លារ និងសេវាគាំពារសង្គមជាច្រើនទៀត ដូចជាការលែងបង់សេវាថែទាំសុខសភាពប្រមាណ ៣ដុល្លារទៅបេឡាជាតិរបបសន្តិសុខសង្គម ខណៈដែលកម្មការិនីមានផ្ទៃពោះ នឹងទទួលបានប្រាក់ឧបត្ថម្ភពេលសម្រាលកូនផងដែរ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០១៨ គឺជាពេលវេលាចុងក្រោយ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៥ នៃរដ្ឋសភា ត្រូវប្រឹងប្រែងសម្រេចនូវគោលនយោបាយកំណែទម្រង់របស់ខ្លួន ដែលបានដាក់ចេញកាលពីឆ្នាំ២០១៣។
* សម្តេចប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនព្រងើយកន្តើយលើបញ្ហាណាមួយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីឆ្នាំចាស់កន្លងផុត តែការងារអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋជាច្រើនមិនបានបញ្ចប់នោះទេ គឺទាមទារឲ្យមានការខិតខំបន្ថែមទៀត ដើម្បីសម្រេចបានលទ្ធផលដ៏ល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរំដោះប្រទេសចេញពីប្រទេសមានចំណាត់ថ្នាក់ក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទៀបមិនបានធ្វើឲ្យរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានស្កប់ស្កល់នោះឡើយ ហើយនឹងបន្តប្រឹងប្រែងសម្រេចឲ្យបាននូវប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
* សម្តេចតេជោ បានគូសបញ្ជាក់ថា ការដឹកនាំរាជរដ្ឋាភិបាលនាពេលបច្ចុប្បន្នដោយគណបក្សប្រជាជនកម្ពុជា មិនមែនជាការដឹកនាំដោយលំៗនោះទេ គឺបានដាក់ចេញនូវផែនទីចង្អុលផ្លូវយ៉ាងច្បាស់លាស់ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រវត្តិសាស្ត្រខ្មែរមានព្រឹត្តិការណ៍ជាច្រើនបានកើតឡើងនៅក្នុងខែធ្នូ ដូចជាការក្លាយជាសមាជិកអង្គការសហប្រជាជាតិ ការដាក់បញ្ចូលប្រាសាទ អង្គរវត្តជាសម្បត្តិបេតិកភណ្ឌពិភពលោក តែអ្វីដែលជាការចងចាំមិនអាចបំភ្លេចបាននោះ គឺ២ធ្នូ ១៩៧៨ ដែលថ្ងៃចាប់ផ្តើមចលនារបស់កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដើម្បីរំដោះជាតិ និងជីវិតប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ខណៈពលរដ្ឋខ្លះគេរៀបចំយកទៅសម្លាប់ចោលហើយនោះ។ ព្រឹត្តិការណ៍មួយទៀតគឺ ២ធ្នូ ១៩៨៩ ដែលជាជំនួបចរចាលើកដំបូងរវាងសម្តេច និងព្រះវររាជបិតាជាតិ ដើម្បីបញ្ចប់ជម្លោះ និងសង្គ្រាមរ៊ាំរ៉ៃក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងគូសបញ្ជាក់ថា វិស័យធំៗ៣កំពុងចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលក្នុងនោះរួមមាន៖ វិស័យកសិកម្មរួមចំណែក ២៥ភាគរយ ឧស្សាហកម្មជាង ៣០ភាគរយ និងសេវាកម្ម រាប់ទាំងសេវាកម្មទេសចរណ៍រួមចំណែកជាង ៤៥ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន កោតសរសើរប្រជាពលរដ្ឋជប៉ុនថា ជាអ្នកប្រឹងប្រែងខ្លាំងណាស់ ទើបធ្វើឲ្យជាតិសាសន៍របស់ជប៉ុនមាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជឿនលឿនកាន់តែខ្លាំង ការរួមចំណែករបស់វិស័យកសិកម្មកាន់តែតូច តែមិនមែនមានន័យថា វិស័យកសិកម្មចិញ្ចឹមប្រជាពលរដ្ឋមិនរស់នោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកកម្មករ កម្មការិនីថា ដើម្បីរក្សាបានការងារធ្វើ ត្រូវរក្សាឲ្យបាននូវសុខសន្តិភាពមិនត្រូវឲ្យជនណាមួយទាំងជាតិសាសន៍ខ្មែរ និងបរទេសមកបំផ្លាញ នោះឡើយ។ សម្តេចបានគូសបញ្ជាក់ថា មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ មានការងារធ្វើដែលជាឆ្នាំងបាយ និងជាអាយុជីវិត។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំតាមកម្មករ កម្មការិនី ឲ្យឪពុកម្តាយរបស់ពួកគេចូលរួមថែរក្សាសុខសន្តិភាពនាពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រសួងពាក់ព័ន្ធឲ្យពិនិត្យសេវាកម្មរបស់ក្រុមគ្រូពេទ្យតាមមន្ទីរពេទ្យរដ្ឋកុំឲ្យយឺតយ៉ាងក្នុងការពិនិត្យ និងព្យាបាលជូនដល់កម្មករ កម្មារិនី កីឡាការ កីឡាការិនី និងមន្ត្រីរាជការ ដែលត្រូវទទួលសេវាពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សមត្ថកិច្ចគ្រប់ប្រភេទ ជាពិសេសនៅតាមតំបន់ទេសចរណ៍ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការរក្សាសន្តិសុខសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងឱកាសបុណ្យឆ្លងឆ្នាំសាកលនាចុងសប្តាហ៍នេះ
* សម្តេចប្រមុខគណបក្សប្រជាជនកម្ពុជា រំពឹងកម្មករ កម្មការិនី និងអាណាព្យាបាលរបស់ពួកគេ នឹងនៅតែបន្តគាំទ្រសម្តេច និងគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ហើយសម្តេចនឹងបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើន និងសុខសន្តិភាពរបស់ជាតិ បើទោះបីមានការនឿយហត់ក៏ដោយក្តី។
* សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញឲ្យចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហា ៨ចំណុច ដើម្បីធានារក្សាបាននូវអត្ថប្រយោជន៍សម្រាប់កម្មករ និយោជិតនៅក្នុងឆ្នាំ២០១៨។ បញ្ហាទាំង៨នោះរួមមាន៖ ១៖ ការទទួលបានប្រាក់ឈ្នួលទៀបបំផុត ១៧០ដុល្លារ, ២៖ ពិនិត្យការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋទាំងអស់ ដែលនឹងត្រូវពិនិត្យ និងព្យាបាលដោយមិនបង់ថ្លៃ សម្រាប់កម្មករ កម្មការិនី កីឡាការ កីឡាការិនី ប្រធានភូមិ ជំនួយការភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់, ៣៖ ការទទួលប្រាក់ក្នុងអត្រា ១២០ភាគរយរយៈពេល៣ខែ សម្រាប់កម្មការិនីក្នុងពេលសម្រាលកូន, ៤៖ តាមដានកម្មវិធីឧបត្ថម្ភប្រាក់ដល់កម្មការិនីទាំងក្នុង និងក្រៅប្រព័ន្ធពេលសម្រាលកូន, ៥៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដែលនិយោជកជាអ្នករ៉ាប់រង, ៦៖ ត្រួវត្រួតពិនិត្យជាប្រចាំនូវថ្លៃឈ្នួលផ្ទះ ថ្លៃទឹក និងថ្លៃអគ្គិសនី, ៧៖ បន្តខិតខំរៀបចំដាក់ឲ្យអនុវត្តន៍សោធននិវត្តន៍ឆ្នាំ២០១៩ និងទី៨៖ បន្តដោះស្រាយបញ្ហាពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេស។
* សម្តេចតេជោ បញ្ចប់សុន្ទរកថានៅម៉ោង ៩៖១៥នាទី នាព្រឹកថ្ងៃដដែលនេះ, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈ Fresh News TV.