(ភ្នំពេញ)៖​ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ បានរៀបចំសន្និបាតបូកសុរបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីក្រសួងពាណិជ្ជកម្មជាច្រើននាក់។

សន្និបាតបូកសុរបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ ត្រូវធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីពិនិត្យ និងវាយតម្លៃនូវលទ្ធផលការងារពាណិជ្ជកម្ម ដែលក្រសួងសម្រេចបាននៅឆ្នាំ២០១៧ និងដាក់ទិសដៅការងារសម្រាប់ឆ្នាំបន្ត គឺឆ្នាំ២០១៨ខាងមុខនេះ។

តាមការគ្រោងទុកពិធីបិទសន្និបាត បូកសុរបការងារពាណិជ្ជកម្ម ឆ្នាំ២០១៧ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន និងជារដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៕