(ភ្នំពេញ)៖ ក្រុមហ៊ុន «Sky Precious Metal» ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយទៀតរបស់លោកស្រីឧកញ៉ា លីម ឈីវហូរ ត្រូវបានគណៈកម្មការមូលបត្រ កម្ពុជាផ្តល់អាជ្ញាប័ណ្ណជួញដូរទីផ្សារមាស រូបិយវត្ថុអន្តរជាតិ និងប្រេឆៅនៅកម្ពុជា។
ពិធីប្រគល់អាជ្ញាប័ណ្ណត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា, នាយឧត្តសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកស្រីឧកញ៉ា លីម ឈីវហូរ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុន LCH Investment Group។
លោកស្រីឧកញ៉ា លីម ឈីវហូរ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមហ៊ុន «Sky Precious Metal» បានបម្រើសេវាកម្មជាភ្នាក់ងារជើងសារឧបករណ៍និស្សន្ទ ផ្តល់ប្រឹក្សាយោបល់ លើការជួញដូរហាងឆេងរូបិយប័ណ្ណ មាស ប្រាក់ ប្រេង និង Commodities ផ្សេងៗទៀត។
លោកស្រីឧកញ៉ា លីម ឈីវហូរ ដែលជាពាណិជ្ជករដ៏ល្បាញល្បី និងក្តោបក្តាប់ជំនួញជាច្រើននៅកម្ពុជា បានថ្លែងថា ការហក់ចូលទីផ្សារជួញដូរឧបករណ៍និស្សន្ទ ដើម្បីអនុញ្ញាតឲ្យវិនិយោគិនមានជម្រើសជាច្រើនក្នុងការវិនិយោគ ក៏ដូចជាជួយក្នុងការបង្កើនទ្រព្យសម្បត្តិ និងការពារហានិភ័យដល់វិនិយោគិនផងដែរ។
បើទោះបីជាយ៉ាងណាលោកស្រីឧកញ៉ា បានគូសបញ្ជាក់ថា ដើម្បីលេងទីផ្សារជួញដូរនេះបាន គឺទាមទារឲ្យមានការយល់ដឹងលើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និងប្រព័ន្ធបច្ចេកវិទ្យា។ ជាពិសេសនោះ គឺត្រូវតែជាអ្នកដែលយល់ដឹងលើការជួញឧបករណ៍និសន្សន្ទ ហើយក៏ជាអ្នកដែលបានតាមដានជាប់លាប់ លើហាងឆេងប្រែប្រួលនៃទីផ្សារមាស ប្រាក់ រូបិយវត្ថុ ប្រេង និង Commodities ផ្សេងៗទៀត។
លោក ស៊ូ សុជាតិ បានឲ្យដឹងថា ក្រុមហ៊ុន «Sky Precious Metal» គឺជាក្រុមហ៊ុនទី១១ហើយ ដែលទទួលបានអាជ្ញាប័ណ្ណសម្រាប់ជួញដូរឧបករណ៍និស្សន្ទនៅកម្ពុជា។ លោកបានលើកទឹកចិត្តដល់អ្នកចូលរួមលេងការជួញដូរនិស្សន្ទត្រូវលេងជាមួយក្រុមហ៊ុនទាំងឡាយណា ដែលទទួលបានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រ។
លោក ស៊ូ សុជាតិ បានផ្តល់ជាយោបល់ដល់អ្នកចង់ជួយដូរឧបករណ៍និស្សន្ទត្រូវពិនិត្យលើចំណុច៣សំខាន់ៗរួមមាន៖ ១. ត្រូវសួរសិនមានអាជ្ញាប័ណ្ណអត់?, ២. ត្រូវស្វែងយល់ពីផលិតផលត្រូវជួញដូរឲ្យបានច្បាស់លាស់ និងទី៣. ត្រូវស្វែងយល់ច្បាស់ពីរបៀបនៃការជួញដូរ។
អគ្គនាយកគណៈកម្មការមូលបត្របានពន្យល់ថា ឧបករណ៍និស្សន្ទសំដៅដល់កិច្ចសន្យាលើគម្លាតថ្លៃ (Contract for Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិមូលបត្របំណុល សន្ទស្សន៍លោហៈធាតុ មានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណ រួមទាំងគម្រោងការពារថ្លៃដើម (Principal Protected Scheme)ជាដើម និងដែលត្រូវបានជួញដូរនៅលើទីផ្សារ។
លោក សុជាតិ បន្តថា ដើម្បីអនុញ្ញាតឲ្យការជួញដូរកិច្ចសន្យាគម្លាតថ្លៃ (Contract for Difference) អាចប្រព្រឹត្តទៅបានវាទាមទារឲ្យមានតួអង្គសំខាន់ៗដែលរួមមាន៖ និយ័តករ ក្រុមហ៊ុនសមភាគីកណ្តាល ឈ្មួញជើងសារឧបករណ៍និស្សន្ទ និងវិនិយោគិន។
លោក សុជាតិ បានលើកឡើងថា រហូតមកដល់បច្ចុប្បន្ននេះ គណៈកម្មការមូលបត្រកម្ពុជាបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន០៤ ជាក្រុមហ៊ុនសមភាគីកណ្តាល និងផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនចំនួន១១ ធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន៍ ដែលបញ្ជីឈ្មោះក្រុមហ៊ុនទាំងនេះ សាធារណជនអាចស្វែងរកបាននៅក្នុង គេហទំព័ររបស់គណៈកម្មការមូលបត្រកម្ពុជា៕