(ភ្នំពេញ)៖​ ចោរឆក់២នាក់ ត្រូវបាន​ប្រជាពលរដ្ឋ​ក្របួច​ជាប់ ក្រោយពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​នារី២នាក់ ​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​ផ្សារ​បានសម្រេច ហើយ​ព្យាយាម​រត់គេចខ្លួន បាន​ចម្ងាយ​ជាង១០០ម៉ែត្រ ពលរដ្ឋ​ជួយ​ព័ទ្ធ​ចាប់បានភ្លាមៗ ស្ថិតនៅ​ក្បែរ​ផ្សារ​ពោធិចិនតុង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

ជនសង្ស័យ​ទាំង២នាក់ ឃាត់ខ្លួន​បាន ទី១៖ឈ្មោះ ហុ​ញ ថៃ អាយុ១៨ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​វត្ត​ពោធិ៍ចិនតុង ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប, ទី២៖ឈ្មោះ ចេ​ត សុផល​ចន្ទ្រា ​អាយុ២៦ឆ្នាំ ស្នាក់​​​នៅ​ភូមិ​ប៉​ប្រ៉​កជើង សង្កា​ត់​កា​កាប១ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ហ៊ុន ពិសី ភេទ​ស្រី អាយុ១៧ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​បា​គូរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ជា​ម្ចាស់​ទូរស័ព្ទ​ ចំណែក​អ្នកបើកបរ​ម៉ូតូ ឈ្មោះ សូ អេស​ធើរ ភេទ​ស្រី អាយុ២៥ឆ្នាំ មុខរបរ​សិស្ស​មាន​ទីលំនៅ​ភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​។

បើតាមមន្ដ្រីនគរបាលមូលដ្ឋាន មុន​កើតហេតុ​ខណៈដែល​ខ្លួន​ជិះ​ម៉ូតូឌុប​គ្នា ទៅ​ផ្សារ​ពោធិចិនតុង គ្រាន់តែ​ជិត​ដល់​កន្លែង​ផ្ញើរ​ម៉ូតូ ស្រាប់តែ​ជនសង្ស័យ២នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក វីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1X-9519 តាម​មកពី​ក្រោយ​ដល់​ទន្ទឹម​ក៏​ធ្វើ​សកម្មភាព​ឆក់ យក​ទូរស័ព្ទ​បានសម្រេច​ហើយ ព្យាយាម​រត់គេច តែដោយសារ​ផ្លូវ​ស្ទះចរាចរណ៍ ជនរងគ្រោះ​ដេញតាម​ស្រែក ផ្អើល​ប្រជាពលរដ្ឋ​ព័ទ្ធ​ចាប់ខ្លួនបាន២នាក់ ប្រគល់​ឲ្យ​សមត្ថកិច្ច​៕