(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ស្អែកនេះ កម្ពុជានឹងចាប់ផ្តើមបញ្ជូនពលការិនី ទៅបម្រើការងារជាជំនួយការមេផ្ទះ នៅតំបន់រដ្ឋបាលពិសេសហុងកុងជាលើកដំបូង ដែលនឹងទទួលបានប្រាក់ឈ្នួលចាប់ពី ៥៥០ដុល្លារអាមេរិកឡើងទៅ។
ភាគីហុងក្រុងត្រូវការពលការិនីប្រមាណជា ១ពាន់នាក់សម្រាប់បម្រើការងារជាជំនួយការមេផ្ទះ តែសម្រាប់ដំណាក់កាលដំបូងនៅថ្ងៃស្អែកនេះ កម្ពុជាបញ្ជូនពលការិនីតែជាង ២០នាក់ប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីខុទ្ទកាល័យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមបញ្ជាក់ថា ការចាប់ផ្ដើមប្រតិបត្តិការបញ្ជូនពលការិនីលើកដំបូងនេះ ត្រូវបានធ្វើឡើងក្រោយពេលភាគីកម្ពុជា-ហុងកុង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលការិនីកម្ពុជា ទៅធ្វើការនៅហុងកុង នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។
លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនចំនួន៦ ប្រតិបត្តិការជ្រើសរើស បណ្ដុះបណ្ដាល បញ្ជូន និងគ្រប់គ្រងពលការិនីខ្មែរ ទៅបម្រើការងារជំនួយការមេផ្ទះនៅហុងកុង ក្នុងនោះរួមមាន៖ ក្រុមហ៊ុន ថប មេនផៅវ័រ, ក្រុមហ៊ុន អានីរីតា បេសមេនផៅវ័រ, ក្រុមហ៊ុន សុខលាភ មេត្រី, ក្រុមហ៊ុន អ៊ឹង វិទ្ធីគ្រុប, ក្រុមហ៊ុន អេលីត មេនផៅវ័រ អេនជេនស៊ី និងក្រុមហ៊ុន វីនវីន មេនផៅវ័រ។
លោកថា ដំណាក់កាលដំបូង ក្រុមហ៊ុនចាមផ្ដើមប្រកាសជ្រើសរើសពលការិនី ជ្រើសរើសបានហើយ មានការបណ្ដុះបណ្ដាលទើបបញ្ជូនចេញទៅបម្រើការងារ។ អាណត្តិការងារជំនួយការមេផ្ទះនៅហុងកុងនេះ មានរយៈពេល២ឆ្នាំ លុះដល់ពេលបញ្ចប់អាណត្តិ និងមានការព្រមព្រៀងពីនិយោជកផងនោះ ពលការិនីអាចបន្តអាណត្តិការងារទៀតបាន។
មិនតែប៉ុណ្ណោះ នៅពេលទៅដល់ទឹកដីហុងកុងភ្លាម ពលការិនីកម្ពុជានឹងទទួលបានការណែនាំពាក់ព័ន្ធនឹងការរស់នៅ និងការពន្យល់ពីសិទ្ធិ និងកាតព្វកិច្ចរបស់ពលករនៅហុងកុង និងការគាំពារជាច្រើនផ្សេងទៀត ពីអគ្គកុងស៊ុលកម្ពុជាប្រចាំនៅហុងកុង និងការទំនុកបម្រុងគាំពារដល់ពួកគេផងដែរ ក្នុងពេលដែលធ្វើការនៅទីនោះ។
លោក Law Chi Kwong រដ្ឋលេខាធិការនៃការិយាល័យទទួលបន្ទុកវិស័យការងារ និងសុខុមាលភាពហុងកុង បានបញ្ជាក់ថា នៅតំបន់រដ្ឋបាលពិសេសហុងកុង ពលការិនីកម្ពុជានឹងទទួលបានសិទ្ធិ និងលក្ខខណ្ឌការងារដូចទៅនឹងពលករជនជាតិហុងកុងដែរ ដូចជា ការឈប់សម្រាកមួយថ្ងៃក្នុងមួយសប្ដាហ៍ ឈប់សម្រាកដោយទទួលបានប្រាក់ឈ្នួលចំនួន ៧ថ្ងៃទៅ១៤ថ្ងៃ ក្នុងមួយឆ្នាំ ការគាំពារពេលមានផ្ទៃពោះ (ការឈប់សម្រាកលំហែមាតុភាព) ចំនួន១០សប្ដាហ៍ ការធានាររ៉ាប់រងពេលមានជំងឺ និងបន្ថែមប្រាក់លើកទឹកចិត្តសម្រាប់ពលករដែលបម្រើការងារយូរឆ្នាំ។
សូមជម្រាបថា បច្ចុប្បន្ន ពលករ-ពលការិនីកម្ពុជា ដែលកំពុងស្នាក់នៅ និងបម្រើការងារនៅក្រៅប្រទេសមានចំនួន១,១៥០,០០០នាក់ ក្នុងនោះ មាននៅប្រទេសថៃមានជាង១លាននាក់ ក្រៅពីនេះមាននៅកូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន និងសិង្ហបុរីជាដើម៕