(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធសហការគ្នា យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស ធ្វើយ៉ាងណាសម្រេចលទ្ធផលឲ្យមានប្រសិទ្ធភាព។
ការជំរុញណែនាំនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃអង្គារ ៩កើត ខែបុស្ស ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ គ.ស ២០១៧ នៅក្នុងសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារថ្នាក់ជាតិ
និងមានការចូលរួមពីសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ អភិបាលក្រុង-ស្រុក និងសមាជិកក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ។
ក្នុងកិច្ចប្រជុំខាងលើ រដ្ឋបាលខេត្ត និងមន្ទីរ-អង្គភាពពាក់ព័ន្ធ បានរាយការណ៍ពីលទ្ធផលនៃការដោះស្រាយបញ្ហាមួយចំនួន ជម្រាបជូនគណៈអធិបតី ព្រមទាំងបានលើកឡើងពីបញ្ហានៅសេសសល់មួយចំនួន ដែលមិនទាន់បានដោះស្រាយជូនប្រជាពលរដ្ឋ។
ដើម្បីជំរុញការដោះស្រាយបញ្ហាទាំងឡាយដែលនៅសេសសល់នោះ លោករដ្ឋមន្ត្រី ថោង ខុន បានដាក់នូវអនុសាសន៍គន្លឹះមួយចំនួន ដល់រដ្ឋបាលខេត្តកំពង់ធំ ក្រុមការងារថ្នាក់ជាតិ មន្ទីរជំនាញ និងមន្ត្រីតាមមូលដ្ឋានក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដូចខាងក្រោម៖
១៖ បន្តអនុវត្តការងារឆ្វៀលដីនៅតំបន់៣ សម្រាប់ប្រជាពលរដ្ឋអាស្រ័យផល ដោយជំរុញការចេញសាលកប័ត្រព័ត៌មានឲ្យដល់ដៃរបស់ប្រជាពលរដ្ឋតាមស្ថានភាពជាក់ស្តែងនៃតំបន់នីមួយៗ ពិសេសនៅតំបន់ណាដែលត្រូវបានចុះវាស់វែង និងមានឯកសារគ្រប់គ្រាន់រួចហើយ ដូចជានៅភូមិគោកត្របែក ឃុំស្រឡៅជាដើម។
២៖ បន្តជំរុញការងារចុះវាស់វែង រៀបចំបែបបទ និងលិខិតស្នាមក្នុងការស្នើសុំកាត់ឆ្វៀលដីពីតំបន់២មកតំបន់១ ដោយត្រូវអនុវត្តជាជំហានៗ តាមស្ថានភាពជាក់ស្តែងនៅតំបន់នីមួយៗ ពិសេសនៅឃុំម្សាក្រង ស្រុកស្ទោង។
៣៖ ចំពោះដីតំបន់អភិរក្សសត្វខ្សឹប ត្រូវចុះវាស់វែងលម្អិត និងកំណត់ទីតាំង និងទំហំដីអោយបានច្បាស់ ដូចជាដីលំនៅដ្ឋាន ដីកសិកម្ម សាលារៀន វត្តអារាម ដើម្បីរៀបចំជាទិន្នន័យច្បាស់លាស់ ក្នុងការស្នើកាត់ដីចេញពីតំបន់អភិរក្សសត្វខ្សឹប ដូចជា នៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្កជាដើម។
៤៖ បន្តពន្លឿននីតិវិធី និងបែបបទនៃការកាត់ដីជូនប្រជាពលរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌរបស់មន្ទីរ/អង្គភាពនានាជុំវិញខេត្ត ដោយប្រគល់ជូនតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកជួយតាមដាន និងសម្របសម្រួលការងារនេះ។
៥៖ បន្តពិភាក្សាជាមួយអាជ្ញាធរជាតិសំបូរព្រៃគុក ដើម្បីពិនិត្យលើសំណូមពរប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់រណប នៃតំបន់អភិរក្សប្រាសាទសំបូរព្រៃគុក។
៦៖ ជំរុញការបង្កើតសហគមន៍សិប្បកម្មកែឆ្នៃឈើ នៅឃុំចុងដូង ស្រុកបារាយណ៍ ឲ្យបានរហ័ស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគាំទ្រ និងឯកភាពរួចហើយ។
៧៖ បង្កើនការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ដែលកំពុងកើតមានបទល្មើសជាច្រើន និងបង្កើនការបង្ក្រាបបទល្មើសព្រៃឈើ និងបទល្មើសសត្វព្រៃតាមតំបន់អភិរក្ស ពិសេសតំបន់ព្រៃឡង់ និងព្រៃអង់តែន។
៨៖ ជំរុញការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋខ្មែរ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋមានអត្តសញ្ញាណបណ្ណ ក្នុងការធ្វើបែបបទឯកសារគតិយុត្តផ្សេងៗ និងប្រើប្រាស់ដល់ការបោះឆ្នោតថ្នាក់ជាតិ នាពេលខាងមុខ។
លោកក៏បានដាក់ចេញយុទ្ធសាស្ត្រការងាររួមឲ្យមន្ត្រីពាក់ព័ន្ធ បង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសដែលកើតមាន ដោយលោកបានលើកឡើងនូវប្រយោគមួយឃ្លាថា «បទល្មើសត្រូវតែបង្ក្រាបឲ្យខានតែបាន ប៉ុន្តែត្រូវចៀសវាងការគំរាមកំហែងដល់ប្រជាពលរដ្ឋ»៕