(ភ្នំពេញ)៖ នៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨ រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ លោក លី ឆេង និងលោក ស្រី ប៊ែលធីគ្រុប បានសម្រេចដាក់ផែនការយុទ្ធសាស្រ្តចំនួន១៣ចំណុច សម្រាប់អនុវត្តឆ្នាំ២០១៨ ដើម្បីបង្កើនវិស័យអប់រំកាន់តែមានប្រសិទ្ធភាព។
បើតាមរបាយការណ៍របស់លោកលី ប៊ុនឆៃ បានឲ្យដឹងថា ឆ្នាំ២០១៨នេះ ប៊ែលធីគ្រុប បានសម្រេច ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ចំនួន១៣ចំណុច រួមមាន៖
១-ពង្រឹងរចនាសម្ព័ន្ធគ្រប់ផ្នែក ដែលមានស្រាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត
២-ពង្រឹងកម្មវិធីសិក្សាបន្ថែម ទាំងផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស
៣-បន្តសាងសង់អគារសិក្សាប៊ែលធី ស្របតាមតម្រូវការរបស់សិស្ស
៤-ផ្តល់ជូនប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជូនដល់សិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២ បន្ថែមទៀត
៥-ផ្តល់ជូនប័ណ្ណធានារ៉ាប់រងជូនដល់បុគ្គលិកប៊ែលធីទាំងអស់ ដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាព
៦-ពង្រឹងគុណភាពសិស្សថ្នាក់ទី១២ ឲ្យបានប្រឡងជាប់សិស្ស ពូកែរាជធានី ទូទាំងប្រទេស និទ្ទេសA និង ជាប់សញ្ញាបត្របាក់ឌុបឲ្យបាន៨៥%-៩៥%ឡើងទៅ ក្នុងឆ្នាំសិក្សាថ្មីនេះ
៧-ពង្រឹងកម្មវិធីសិក្សាជា ភាសាជាតិ ដោយបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័ររយៈពេល១ឆ្នាំ
៨-ពង្រឹងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត កម្រឹតអន្តរជាតិ អោយកាន់តែល្អប្រសើរថែមទៀត
៩-ជម្រុញការរៀបចំ សិក្ខាសាលា ដោយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ មកចែករំលែកបទពិសោធន៍ដល់និស្សិត
១០-ពង្រឹងសេវាកម្មបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅឯក្រៅប្រទេសឲ្យបានកាន់តែច្រើន
១១-បើកវគ្គហ្វឹកហាត់ជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
១២-ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារតាមផ្នែកនីមួយៗ
១៣-ពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន។
លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង៕