(ភ្នំពេញ)៖ ថៅកែលក់សំបកកង់រថយន្តយីហោ «លឹម ប៉េងហ៊ុយ» នៅខណ្ឌទួលគោក ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីរួមគ្នាជាមួយគ្រួសារបានវាយយ៉ាងខ្លាំង ទៅលើបុរសរងគ្រោះម្នាក់ រងរបួសធ្ងន់ ប៉ុន្តែរហូតមកដល់ពេលនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ម៉េង តូនី សម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំ ក្រោមហេតុផលថា រង់ចាំការត្រួតពិនិត្យតាមផ្លូវតុលាការ។
បើទោះចៅក្រមសម្រេចមិនឃុំខ្លូនក៏ដោយ ប៉ុន្តែថៅកែលក់សំបកកង់រថយន្តម្នាក់នេះ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
មន្រ្តីតុលាការបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា ការសម្រេចមិនឃុំខ្លួននេះ បន្ទាប់ពីជនត្រូវចោទ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ ដាក់ប្រាក់តម្កល់មួយចំនួន ខណៈជនរងគ្រោះពុំទាន់ទទួលបានសំណងរដ្ឋប្បវេណីសូម្បីមួយរៀល។
មន្ត្រីតុលាការថ្លែងថា ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ លឹម ប៉េងហ៊ុយ អាយុ៦៩ឆ្នាំ ត្រូវបានលោក សឿន មុនីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ហិង្សាដោយចេតនា» តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ចន្លោះពេលនេះ ក្រុមគ្រួសារជនរងគ្រោះ សង្ឃឹមថា តុលាការនឹងចាត់ការលើជនសង្ស័យតាមច្បាប់ ដោយពុំត្រូវរងសម្ពាធ នៃការអន្តរាគមន៍ណាមួយឡើយ ពោលគឺគួរឃុំខ្លួនជនត្រូវចោទ ដោយសារចរិត នៃការប្រព្រឹត្តបទល្មើសនេះ គឺមានលក្ខណៈធ្ងន់ធ្ងន់ មួយគ្រួសារព្រួតវាយជនរងគ្រោះ តែទីបំផុតជនសង្ស័យម្នាក់ប៉ុណ្ណោះ ត្រូវបានឃាត់ខ្លួនបញ្ជូនមកតុលាការ។ ប៉ុន្តែទីបំផុតជនត្រូវចោទ ឡាច សុផល ត្រូវលោកចៅក្រមស៊ើបសួរសម្រេចមិនឃុំខ្លួន។
នគរបាលបញ្ជាក់ថា ជនសង្ស័យ ឡាច សុផល ហៅ ហ៊ុយ ជាអ្នកលក់សំបកកង់រថយន្ត ស្នាក់នៅផ្ទះលេខ១៩៦E0-E1ផ្លូវ១៨២ក្រុមទី២៤ ភូមិ៦សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក។
តាមដំណើររឿង កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង ភេទប្រុស អាយុ២៧ឆ្នាំមុខរបរនិស្សិត បានឡើងលើផ្ទះរបស់ខ្លួនជាន់ទី១ ទៅមើលខ្សែភ្លើង ដែលជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ បានតពីពេលថ្ងៃកាត់មុខផ្ទះរបស់ខ្លួន។ ពេលនោះជនរងគ្រោះ បានយកទូរស័ព្ទដៃមកថតខែ្សភ្លើងដែលទើបនឹងតនោះ រួចចុះមកខាងក្រោមវិញតាមជណ្តើររួមគ្នា ដល់ពាក់កណ្តាលស្រាប់តែឈ្មោះ ឡាច ដារី ត្រូវជាកូនស្រីរបស់ជនសង្ស័យឈ្មោះ ឡាច សុផល ហៅ ហ៊ុយ មានទំនាស់ពាក្យសម្តីជាមួយជនរងគ្រោះឈ្មោះ គឹម ប៊ុនឡុង រឿងតខ្សែភ្លើងកាត់មុខផ្ទះរបស់ដោយមិនបានសុំខ្លួន៕