(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបការងារ និងបង្ហាញលទ្ធផលយ៉ាងច្រើនសម្រាប់ឆ្នាំចាស់២០១៧ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប និងលោកស្រី នៅមជ្ឈ មណ្ឌលកោះពេជ្រ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុបបានឲ្យដឹងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ២.១៨៧នាក់ មានសិស្ស-និស្សិតកំពុងសិក្សា ៣៧.៦៩៨នាក់ និងមាន២១ទីតាំង ក្នុងនោះ១៨ទីតាំង កំពុងដំណើរការ៣ទីតាំង កំពុងសាងសង់ និង០១ទីតាំងជាសាកលវិទ្យាល័យ។
លោកបានបន្ថែមថា ប៊ែលធីគ្រុប មានបម្រើសេវាកម្ម០៣ធំៗដូចជា៖ I. ប៊ែលធីសំណង់ II. ប៊ែលធីទេសចរណ៍ និងIII. ប៊ែលធីអប់រំ ហើយក្នុងឆ្នាំ២០១៧នេះ ប៊ែលធីសម្រេចបាននូវសមិទ្ធផលដូចជា៖
ទី១៖ ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៨ និងកំពុងសាងសង់អគារប៊ែលធីទី១៩ ទី២០ និងទី២១
ទី២៖ ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍៨.៤៥១នាក់ ក្នុងនោះ ក្នុងប្រទេស៧.៧១៥នាក់ និងក្រៅប្រទេស៧៣៦នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ
ទី៣៖ សាលា ប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២.០៥៥នាក់ ក្នុងនោះបានចែកចេញជា៖
- សិស្សចំណេះទូទៅ (ថ្នាក់ទី១២) ចំនួន៨.៣៤២នាក់ ជាប់៧.២៧៨នាក់ ស្មើ៨៧,២៥% និងនិទ្ទេស A ចំនួន៥២នាក់
- សិស្សភាសាអង់គ្លេសកម្រិតទី១២ (Level 12)ចំនួន៥.៤៧៣នាក់
- សិស្សវគ្គខ្លីកុំព្យូទ័រចំនួន៧.៦២៨នាក់
- សិស្សប្រឡងតេស្តអន្តរជាតិចំនួន៦១២នាក់។
សិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ៖
១-ឆ្នាំ២០១៧នេះ សិស្ស ស គីមស៊ា ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០
២-ឆ្នាំ២០១៦ សិស្ស កាំង ស៊ីញលី ប្រឡងជាប់ និទ្ទេស A លេខ១ ទូទាំងប្រទេស លំដាប់ពិន្ទុ ១០០.០០០
៣-ឆ្នាំ២០១៥ សិស្ស សេង ហ្គេចលី ប្រឡងជាប់ និទ្ទេស A លេខ២ ទូទាំងប្រទេស លំដាប់ពិន្ទុ ៩៩.៩៩៩។
សិស្សពូកែថ្នាក់ទី៩ និងទី១២ មាន ៤៤នាក់ ក្នុងនោះ ទូទាំងប្រទេស ១៧នាក់ និងទូទាំងរាជធានី ២៧នាក់
IV.សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា ១.៤៦៨នាក់ ក្នុងនោះ ថ្នាក់គរុកោសល្យ ៣៦៤នាក់ ថ្នាក់បរិញ្ញាបត្រ៩៩៥នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០៩នាក់។
V.ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន ៥៦៩នាក់ ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៨៤នាក់ សិស្ស-និស្សិតបង់ថ្លៃ ២៣នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៤៦៨នាក់។
លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច តាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានារបស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង៕