(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ បានជួបប្រជុំជាមួយក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION ពិភាក្សាលើគម្រោងកែលម្អ ប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប នៅរដ្ឋបាលសាលាខេត្តសៀមរាប។
លោក ឃឹម ប៊ុនសុង បានលើកឡើងពីកត្តាសំខាន់ផ្តោតទៅលើប្រព័ន្ធបង្ហូរទឹកភ្លៀង ទឹកកង្វក់ ក្នុងក្រុងដើម្បីធ្វើការបញ្ជៀសនូវការលិចលុងក្នុងក្រុងទៀតផង និងបញ្ជាក់អំពីការកែលម្អស្ទឹងសៀមរាប និងការធ្វើប្រព័ន្ធប្រឡាយបង្ហូរទឹកកង្វក់ក្នុងក្រុង និងខាងកើតក្រុង។
តាមបញ្ជាក់របស់លោកប្រធានក្រុមហ៊ុនចិន ZHIJIANG CONSTRUCTION បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក បានចូលមកធ្វើអាជីវកម្មនៅកម្ពុជា មានរយៈពេល១០ឆ្នាំហើយ លើការងារសំណង់ ដោយលោកលើកឡើង ពីសក្តានុពលរបស់ក្រុងហានចូវ ដែលជាតំបន់ទេសចរណ៍ដ៏សម្បូរបែបនៅប្រទេសចិន។ ក្នុងរយៈពេល១ឆ្នាំមកនេះ ក្រុមការងាររបស់ក្រុមហ៊ុន ចិន ZHIJIANG CONSTRUCTION បានចុះមកធ្វើការសិក្សាស្រាវជ្រាវ ក្នុងការរៀបចំគម្រោងកែលម្អ ប្រព័ន្ធបង្ហូរទឹកក្នុងក្រុងសៀមរាប។
ក្នុងការបង្ហាញរបស់ក្រុមការងារ ក៏បានគូសបញ្ជាក់ ដោយផ្តោតលើបញ្ហាកង្វះការថែទាំប្រព័ន្ធលូ និងគ្មានស្មារតីចូលរួមពីប្រជាពលរដ្ឋ ដែលធ្វើឲ្យមានការកកស្ទះចរន្តទឹកហូរ នៅតាមប្រឡាយ នៅរដូវវស្សា។ គម្រោងនេះក្នុងការកែលម្អ ប្រព័ន្ធលូទឹក ក្នុងក្រុងឲ្យស័ក្តសមជាក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ ក្នុងការធានាកាត់បន្ថយជាអតិបរិមា នូវគ្រោះមហន្តរាយទឹកជំនន់ ក្នុងនោះក្រុមការងារសម្រេចបង្កើតការងារគម្រោង រយៈពេលខ្លីដល់ឆ្នាំ២០២០ និងរយៈពេលវែង២០៣០ ដោយរយៈពេលខ្លីប្រើប្រាស់ថវិកា ១៧៥,៣៧៦,៧០២ដុល្លារ និងរយៈពេលវែងប្រើប្រាស់ថវិកា ២៣១,៧៣១,៧១៦ដុល្លារ។
ក្នុងគម្រោងសាងសង់ប្រឡាយមេ៧ខ្សែ ប្រវែង២៩គីឡូម៉ែត្រ និងប្រព័ន្ធលូ ប្រឡាយ ក្នុងក្រុងប្រវែង៩៣គីឡូម៉ែត្រ។ ក្នុងនោះក៏មានការសាងសង់ស្ថានីយ៍ចម្រោះ នៅផ្នែកខាងកើតក្រុង ដែលមានសមត្ថភាព១០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ និងបណ្តាញលូមេប្រវែង៥,៨០០ម៉ែត្រ ហើយគម្រោងនេះនឹងធ្វើ ឲ្យបរិស្ថាននៅអមប្រឡាយ ត្រូវបានធ្វើការកែលម្អ ព្រមទាំងលើកកម្ពស់ជីវភាព និងសុខមាភាពប្រជាពលរដ្ឋទៀតផង។
ក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរក៏បានផ្តោតសំខាន់ ក្នុងការរៀបចំបណ្តាញប្រព័ន្ធលូ និងប្រឡាយ ដោយសុំឲ្យធ្វើការដាក់លូជ្រុងនូវកណ្តាលទ្រូងផ្លូវ ក្នុងការបញ្ជៀសនូវផលប៉ះពាល់ប្រជាពលរដ្ឋ រួមទាំងធ្វើការស្តារឡើងវិញ នូវប្រព័ន្ធលូដែលមានស្រាប់ ព្រមទាំងពីបញ្ហាការប៉ះពាល់គម្រោងទឹកស្អាត ដែលយកប្រភពទឹកពីបឹងទន្លេសាប។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង ក៏បានលើកនូវគំនិតល្អៗមួយចំនួន ក្នុងការបម្រើផលប្រយោជន៍សាធារណៈ សំខាន់ការកំណត់ទីតាំងឲ្យបានច្បាស់លាស់ កន្លែងសាងសង់ស្ថានីយ៍ចម្រោះ កុំឲ្យមានការប៉ះពាល់គម្រោងសាងសង់ស្ថានីយ៍ផលិតទឹកស្អាត។ បើតាមលោកអភិបាលខេត្ត ដើម្បីបញ្ជៀស ការលិចលុងទឹកក្នុងក្រុង គឺត្រូវធ្វើការបើកប្រព័ន្ធលូថ្មី និងស្តារឡើងវិញនូវប្រព័ន្ធលូចាស់ ដើម្បីក្នុងការរំដោះនូវទឹកភ្លៀងពីការលិចលុងតាមដងផ្លូវ។ ម៉្យាងទៀតគម្រោងដែល ធ្វើទៅមានការប៉ះពាល់ដល់ប្រព័ន្ធទឹកស្អាត គួរត្រូវធ្វើការបញ្ជៀសកុំឲ្យមានបញ្ហាដល់សុខមាលភាព របស់ប្រជាពលរដ្ឋ។
អភិបាលខេត្តសៀមរាប ក៏បានឯកភាពទាំងស្រុងទៅលើគម្រោង របស់ក្រុមហ៊ុនចិន ក្នុងកិច្ចអភិវឌ្ឍន៍ក្រុងប្រវត្តិសាស្ត្រសៀមរាប ព្រមទាំងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានជួយជួសជុលប្រាង្គប្រាសាទ និងសាងសង់ព្រលានយន្តហោះ នៅខេត្តសៀមរាប៕