(បាត់ដំបង)៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការអនុវត្តអនុក្រឹត្យស្តីពីការលុបចោល និងការដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រក្រតីដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់នៅខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ឃុន សំបូរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ងួន រតន: អភិបាលខេត្តបាត់ដំបង។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក ថ្នាក់មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ថ្នាក់ស្នងការ ស្នងការរង អធិការនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ-សង្កាត់ ចៅសង្កាត់-មេឃុំ គ្រប់ឃុំទូទាំងខេត្ត និងកងកម្លាំងគ្រប់ការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្តទាំងអស់ បានចូលរួមជាច្រើននាក់ផងដែរ។
ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន បានប្រាប់ដល់អធិការក្រុង-ស្រុក ត្រូវត្រួតពិនិត្យបន្ថែមទៀតទីកន្លែងមួយចំនួន ដែលមានជនបរទេសកំពុងស្នាក់នៅ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយត្រូវដកហូតឯកសារមិនប្រកតីមួយចំនួន ដែលជនបរទេសកំពុងលួចលាក់ប្រើប្រាស់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ងួត រតនៈ បានលើកឡើងថា ការអនុវត្តអនុក្រឹតលេខ១២៩ អនក្រ.បក គឺមិនសំដៅតែជនមួយ ឬសញ្ជាតិណាមួយនោះទេ គឺជាការរឹតបណ្តឹងទូទៅរបស់សមត្ថកិច្ចកម្ពុជា ហើយអាជ្ញាធរភូមិ-ឃុំ មន្ត្រីនគរបាលប៉ុស្តិ៍ ត្រូវចូលរួមចំណែកឲ្យសកម្ម និងរាយការណ៍ឲ្យប្រាកដប្រជា ចំពោះជនបរទេសស្នាក់នៅមិនប្រក្រតីតាមមូលដ្ឋាន។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ជនបរទេសមិនមែនសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ ហើយជនបរទេសក៏មិនមែនសុទ្ធ តែមនុស្សល្អទាំងអស់នោះដែរ ដូច្នេះការរឹតបន្តឹង គឺធានាបានសន្តិសុខជាតិ និងរឹតបន្តឹងច្បាប់កម្ពុជាឲ្យពិភពលោកបានដឹង ពីអធិបតេយ្យភាពម្ពុជា ដែលជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាគោលណ៍៕