(ភ្នំពេញ)៖ រោងភាពយន្តលេជេន (Legend Cinema) ដែលជារោងភាពយន្តទំនើបដំបូងគេបង្អស់ នៅក្នុងប្រទេសកម្ពុជា នឹងកំពុងតែទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ គឺព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) ជាលើកទីពីរ ក្នុងគោលបំណងបន្តការចូលរួមលើកស្ទួយ វិស័យភាពយន្តនៅកម្ពុជា។

ព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំ២០១៧ (Movie of The Year 2017) នេះ នឹងត្រូវប្រារព្ធឡើង នៅរោងភាពយន្តលេជេន ទួលគោក ក្នុងបរិវេណផ្សារទំនើប TK Avenue ចាប់ពីម៉ោង៤៖០០នាទីរសៀលតទៅ។ កម្មវិធីនេះ នឹងមានអ្នកចូលរួម ពីសំណាក់សិល្បករ ផលិតករ ប្រមាណជាង៣០០នាក់។ ក្រៅពីការបង្កើតបរិយាកាស ក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុង វិស័យភាពយន្តនៅកម្ពុជា រោងភាពយន្តក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ ការផ្សព្វផ្សាយវិស័យខ្សែភាពយន្ត នៅកម្ពុជាផងដែរ។

អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះគឺ ក៏មានការចូលរួមពីសំណាក់ តារាចម្រៀងល្បីៗ ពីផលិតកម្មរស្មី​ហង្សមាស លោក ឆន សុវណ្ណរាជ និងក្រុមរាំ 4Nix សម័យទំនើបល្បីៗផ្សេងៗទៀត ដើម្បីឲ្យកម្មវិធី​កាន់តែមានភាពអធិកអធម និងសប្បាយរីករាយ។

លោក ព្រំ បញ្ញាវ័ន្ត តំណាងផ្នែកទីផ្សារ របស់រោងភាពយន្តលេជេន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុន និងផលិតកម្មធំៗចំនួន ៣ នឹងត្រូវបានអញ្ជើញឲ្យចូលរួម ក្រោយពីខ្សែភាពយន្ត​របស់ពួកគេ បានក្លាយជាខ្សែភាពយន្ត ដ៏ល្បីពេញនិយមប្រចាំឆ្នាំ និងរកប្រាក់ចំណូលបានខ្ពស់ច្រើនជាងគេ ដូចជា ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត WML, ផលិតកម្ម LD Picture និងផលិតកម្ម Kongchak Pictures ជាដើម។

ផលិតករ និងក្រុមហ៊ុនទាំងអស់ នឹងមានឱកាស បង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗ របស់ពួកគេនាពេលអនាគត ក្នុងឱកាសនេះ។
លោក ព្រំ បញ្ញាវ័ន្ត បានថ្លែងបន្តឲ្យដឹងទៀតថា នៅក្នុងនោះយើងបានជ្រើសរើស ខ្សែភាពយន្តចំនួន១០រឿង ទាំងរឿងជាតិ ​និងអន្តរជាតិ ដែលរកប្រាក់ចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០១៧នៅរោងភាពយន្តលេជេន មកដាក់ប្រកួតប្រជែងគ្នា ដើម្បីស្វែងរករឿង​ដែលល្អជាងគេ តាមរយៈការបោះឆ្នោត ពីសំណាក់ប្រិយមិត្ត នៅលើគ្រប់គេហទំព័រ របស់រោងភាពយន្តលេជេន។

ការបោះឆ្នោតមាន២ដំណាក់កាលធំៗ:
​+ដំណាក់កាលទី១: ពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី១៥ រហូតដល់់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។

+ដំណាក់កាលទី២: ពានរង្វាន់ខ្សែភាពយន្តប្រចាំឆ្នាំ២០១៧
ចាប់ពីថ្ងៃទី២១ រហូតដល់់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧។

លទ្ធផលបន្ទាប់ពីការបោះឆ្នោតនេះ នឹងត្រូវបានយកមកប្រកាស នៅអំឡុងនៃកម្មវិធី ខ្សែភាពយន្តប្រចាំឆ្នាំ ២០១៧ ជាមួយនឹងពានរង្វាន់ និងលិខិតសរសើរ ពីរោងភាពយន្តលេជេន ដោយផ្ទាល់ហើយសម្រាប់ផលិតករដទៃៗទៀត ដែលមិនបានទទួលជ័យលាភី នៅយប់នោះក៏ទទួលបាននៅលិខិតសរសើរផងដែរ សម្រាប់ខ្សែភាពយន្ត ដែលមានប្រជាប្រិយភាពជាងគេ ប្រចាំឆ្នាំ២០១៧ ក្នុងចំណោមខ្សែភាពយន្តជាច្រើនរឿង ដែលបានចាក់បញ្ចាំង នៅរោងភាពយន្តលេជេន ចាប់ពីដើមខែមករា រហូតដល់ ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ២០១៧។

ដើម្បីបន្តការលើកតម្កើង​បន្ថែមទៀត នៅខ្សែភាពយន្តខ្មែរ សម្រាប់រឿងខ្មែរដែលឈ្នះពានរង្វាន់ ខ្សែភាពយន្តខ្មែរ​ឆ្នើម នៅអំឡុងនៃកម្មវិធីនឹងត្រូវបាន យកមកបញ្ចាំងឡើងវិញ សម្រាប់ភ្ញៀវកិត្តិយស ដែលអញ្ជើញមកចូលរួម ក្នុងរាត្រីនៃកម្មវិធី ផងដែរ។

ជាចុងក្រោយ រោងភាពយន្តមានសេចក្តីថ្លែងអំណរគុណ យ៉ាងខ្លាំងដល់ម្ចាស់ឧបត្ថម្ភធំ ពី​ក្រុមហ៊ុននាំចូលនិង ចែកចាយភាពយន្ត WML ផលិតកម្ម Kongchak Pictures អេអាយអេ (ខេមបូឌៀ) ឡាយហ៍ អ៊ិនសូរេន (AIA), Uber, សហការឧបត្ថម្ភដោយ KOI Café, Joma Café Bakery Cambodia និងបណ្តាឧបត្ថម្ភផ្សេងៗទៀត៕