(ភ្នំពេញ)៖ ប៊ែលធី គ្រុប បានរៀបចំសន្និបាតបូកសរុបការងារ ឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ អនុវត្តឆ្នាំ២០១៨ នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ ចូលរួមចំនួន២,១៨៧នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។
លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប បានលើកឡើងថា ប៊ែលធី គ្រុប មានគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូបម្រើការ ២,.១៨៧នាក់ មានសិស្ស-និស្សិតកំពុងសិក្សា ៣៧,៦៩៨នាក់ និងមាន២១ទីតាំង ក្នុងនោះ១៨ទីតាំង កំពុងដំណើរការ ០៣ទីតាំងកំពុងសាងសង់ និង០១ទីតាំងជាសាកលវិទ្យាល័យ។
លោកបានបន្ថែមថា ប៊ែលធី គ្រុប មានបម្រើសេវាកម្ម ០៣ធំៗដូចជា៖ ទី១៖ ប៊ែលធីសំណង់ បានសាងសង់អគារប៊ែលធីទី១៨ និងកំពុងសាងសង់អគារប៊ែលធីទី១៩ ទី២០ និងទី២១, ទី២៖ ប៊ែលធីទេសចរណ៍ បានទទួលភ្ញៀវទេសចរណ៍ ៨,៤៥១នាក់ ក្នុងនោះ ប្រទេស៧,៧១៥នាក់ និងក្រៅប្រទេស៧៣៦នាក់ ព្រមទាំងមានរថយន្តទំនើបៗ ០៨គ្រឿងសម្រាប់ដឹកភ្ញៀវផងដែរ និងទី៣៖ សាលាប៊ែលធី អន្តរជាតិ សិស្សបញ្ចប់ការសិក្សា ២២,០៥៥នាក់ ក្នុងនោះបានចែកចេញជា សិស្សចំណេះទូទៅ (ថ្នាក់ទី១២), សិស្សភាសាអង់គ្លេសកម្រិតទី១២, សិស្សវគ្គខ្លីកុំព្យូទ័រ, សិស្សប្រឡងតេស្តអន្តរជាតិ និងសិស្សប៊ែលធីថ្នាក់ទី១២ ដែលរក្សាបាន ជើងឯកលេខ១ និងលេខ២ ទូទាំងប្រទេសជាប់ៗគ្នារយៈពេល ០៣ឆ្នាំចុងក្រោយនេះ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និស្សិតបញ្ចប់ការសិក្សា១,៤៦៨នាក់ ក្នុងនោះថ្នាក់គរុកោសល្យ៣៦៤នាក់ ថ្នាក់បរិញ្ញាបត្រ៩៩៥នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០៩នាក់។ ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បញ្ជូនសិស្ស-និស្សិតទៅក្រៅប្រទេស ចំនួន៥៦៩នាក់ ក្នុងនោះ សិស្ស-និស្សិតអាហារូបករណ៍ឧកញ៉ា លី ឆេង ៨៤នាក់ សិស្ស-និស្សិតបង់ថ្លៃ២៣នាក់ និងសិស្ស-និស្សិត ធ្វើទស្សនកិច្ចសិក្សា ៤៦៨នាក់។
បើតាមលោក លី ប៊ុនឆៃ សម្រាប់ទិសដៅការងារអនុវត្តឆ្នាំ២០១៨ ឆ្នាំ២០១៨នេះ ប៊ែលធីគ្រុប បានសម្រេច ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ រួមមាន៖ ពង្រឹងរចនាសម្ព័ន្ធគ្រប់ផ្នែក ដែលមានស្រាប់ឲ្យកាន់តែប្រសើរបន្ថែមទៀត, ពង្រឹងកម្មវិធីសិក្សាបន្ថែម ទាំងផ្នែកចំណេះទូទៅ និងផ្នែកភាសាអង់គ្លេស, បន្តសាងសង់អគារសិក្សាប៊ែលធី ស្របតាមតម្រូវការរបស់សិស្ស, ផ្តល់ជូនប័ណ្ណធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលជូនដល់សិស្សថ្នាក់ទី៩ ទី១០ ទី១១ និងទី១២បន្ថែមទៀត, ផ្តល់ជូនប័ណ្ណធានារ៉ាប់រងជូនដល់បុគ្គលិកប៊ែលធីទាំងអស់ ដើម្បីទទួលបានការព្យាបាល និងការថែទាំសុខភាព, ពង្រឹងគុណភាពសិស្សថ្នាក់ទី១២ ឲ្យបានប្រឡងជាប់សិស្សពូកែរាជធានី ទូទាំងប្រទេស និទ្ទេសA និង ជាប់សញ្ញាបត្របាក់ឌុបឲ្យបាន៨៥%-៩៥%ឡើងទៅ ក្នុងឆ្នាំសិក្សាថ្មីនេះ, ពង្រឹងកម្មវិធីសិក្សាជា ភាសាជាតិ ដោយបន្ថែមភាសាអង់គ្លេស និងកុំព្យូទ័ររយៈពេល១ឆ្នាំ, ពង្រឹងកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត កម្រឹតអន្តរជាតិ ឲ្យកាន់តែល្អប្រសើរថែមទៀត, ជម្រុញការរៀបចំ សិក្ខាសាលា ដោយអញ្ជើញវាគ្មិនជាតិ និងអន្តរជាតិ មកចែករំលែកបទពិសោធន៍ដល់និស្សិត, ពង្រឹងសេវាកម្មបញ្ជូនសិស្ស-និស្សិតទៅសិក្សានៅឯក្រៅប្រទេសឲ្យបានកាន់តែច្រើន, បើកវគ្គហ្វឹកហាត់ជំនាញ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ, ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារតាមផ្នែកនីមួយៗ និងពង្រីកគោលដៅទេសចរណ៍ក្រៅប្រទេសសំខាន់ៗបន្ថែមទៀត តាមតម្រូវការរបស់អតិថិជន។
ក្នុងឱកាសនោះ លោក លី ឆេង អគ្គនាយកប៊ែលធី គ្រុប បានថ្លែងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ និងលោកគ្រូ-អ្នកគ្រូទាំងអស់ នៃប៊ែលធីគ្រុប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចតាមតួនាទីរៀងៗខ្លួន ដោយអនុវត្តបានតាមគោលការណ៍ និងសេចក្តីសម្រេចនានា របស់ថ្នាក់លើដែលបានដាក់ចុះ និងអនុវត្តបានយ៉ាងហ្មត់ចត់នូវបទបញ្ជាផ្ទៃក្នុង និងលិខិតបទដ្ឋានផ្សេងៗ ព្រមទាំងរក្សាបាននូវវិន័យ និងសេចក្តីថ្លៃថ្នូរគួរជាទីមោទនៈក្រៃលែង។
លោក បានប្រគល់លិខិត តែងតាំងជូនដល់ ថ្នាក់ដឹកនាំ នៃប៊ែលធីគ្រុប និងប្រគល់ពានរង្វាន់ការងារ ប័ណ្ណអាហារូបករណ៍ ១០០% និងរង្វាន់លើកទឹកចិត្ត ជូនដល់បុគ្គលិកបម្រើការងារ១០ឆ្នាំ ចំនួន៧២នាក់ នាពេលនោះផងដែរ៕