(កំពត)៖ មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន មួយកន្លែងនៅតំបន់ភ្នំបាក់នឹម ស្រុកជុំគីរី ខេត្តកំពត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
ការដាក់សម្ពោធនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកឧត្ដមសេនីយ៍ទោ ផង់ យ៉ុត មេបញ្ជាការកងពលតូចអន្ដរាគមន៍លេខ១ បានរាយការណ៍ថា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងអភិវឌ្ឍន៍សង្គមជាតិ និងដោយមានការផ្ដួចផ្ដើមពី ទេសរដ្ឋមន្ដ្រី ចម ប្រសិទ្ធិ និងនាយឧត្តមសេនីយ៍ មាស សុភា ក្នុងការកសាងមជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
សូមជម្រាបថា មជ្ឈមណ្ឌលមួយនេះត្រូវបានចាប់ផ្ដើមសាងសង់ឡើងនៅអំឡុងចុងខែធ្នូ ឆ្នាំ២០១៥ លើទំហំផ្ទៃដីសរុប២១.២៤២ម៉ែត្រការ៉េ ដែលជាដីរបស់កងពលអន្ដរាគមន៍លេខ១ ស្ថិតក្នុងប្លង់របស់វរសេនាតូច១១២ ដែលការកសាងនេះធ្វើឡើងតាមដំណាក់កាល និងតម្រូវការចាំបាច់ និងស្របតាមលទ្ធភាព ដែលរហូតមកដល់ពេលនេះ ចំណាយអស់ ១០៩.៧៩៩ដុល្លារ៕