(ភ្នំពេញ)៖ ក្រុមក្មេងទំនើង២ក្រុម បើកឆាកប្រយុទ្ធកាប់ចាក់គ្នា យ៉ាងសាហាវមិនចាញ់រឿងហុងកុងបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ សមត្ថកិច្ចចាប់ដាក់ខ្នោះ៦នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអាធ្រាត្រនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ករណីទំនាស់នេះ គឺភាគីជនរងគ្រោះ មានទំនាស់ពាក្យសំដីគ្នាជាមួយភាគីបង្កនៅក្នុងវង់ផឹកស៊ីមួយកន្លែង ប៉ុន្តែមិនបានសម្របសម្រួលគ្នាចប់អស់នោះទេ ក៏បែកផ្លូវគ្នារៀងៗខ្លួន។
ក្រោយមកភាគីជនបង្ក បាននាំបក្ខពួកទៅផឹកស៊ីបន្តទៀត នៅកន្លែងផ្សេងមានគ្នា៣នាក់ទី១៖ ឈ្មោះ ថន ចាន់ណាក់ (ហៅខ្មៅ) អាយុ១៧ឆ្នាំ, ទី២៖ ឈ្មោះ ឡេង សុភ័ស្ត អាយុ៣២ឆ្នាំ, ទី៣៖ ឈ្មោះ ហេង ចន្ថា អាយុ៣៧ឆ្នាំ បាននាំគ្នាកាន់ដាវ ដែកទីប និងដំបងឈើ មកស្ទាក់កាប់ភាគីម្ខាងទៀត បណ្តាឲ្យស្លាប់ម្នាក់នៅតាមផ្លូវ។ ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតមានឈ្មោះ ហេង ដារ៉ា (ហៅចិត្រា) បន្ទាប់មកជនបង្កនាំគ្នាទៅតាមស្រែកហៅ គូទំនាស់ម្នាក់ទៀតឈ្មោះ ប្រាក់ សុខុន ដល់មុខផ្ទះស្រែកថា អញសម្លាប់គ្នាពួកហ្អែងបានម្នាក់ហើយ ហ្អែងខ្លាំងចេញពីក្នុងផ្ទះមក ពេលនោះជនរងគ្រោះបើកទ្វារចេញមកក៏ត្រូវក្រុមជនបង្ក កាប់ឲ្យរងរបួសធ្ងន់តែម្តង រួចក៏គេចខ្លួនពីកន្លែងកើតហេតុបាត់ភ្លាមៗ។
លោក គួក សុខហួរ បានបន្តថា ករណីនេះលោកបានទទួលព័ត៌មាននៅម៉ោង១រំលងអធ្រាត្រទៅហើយ លោកបានបោះដៃតាមវិទ្យុទាក់ទងភ្លាមៗ នាំកងកម្លាំងទៅជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែក្រោយមក នៅវេលាម៉ោង៥ព្រឹក ជនរងគ្រោះម្នាក់ឈ្មោះ ហេង ដារ៉ា បានស្លាប់នៅមន្ទីពេទ្យលោកសង្ឃ។
ចំណែកក្រុមជនបង្ក ត្រូវសមត្ថកិច្ចបង្ក្រាបានមានគ្នា៣នាក់ ទី១៖ ឈ្មោះ ថន ដាណាក់ (ហៅខ្មៅ) អាយុ១៧ឆ្នាំ នៅភូមិសនសុខ, ទី២៖ ឈ្មោះ ឡេង សុភ័ណ្ឌ ហៅក្រូច អាយុ៣២ឆ្នាំ នៅភូមិសែនសុខ, ទី៣៖ ឈ្មោះ ខេង ចន្ថា (ហៅណៃ) អាយុ៣៧ឆ្នាំ នៅភូមិសែនសុខ។ ភាគីជនរងគ្រោះមានឈ្មោះទី១៖ ឈ្មោះ ប្រាក់ សុជាតិ អាយុ១៦ឆ្នាំ នៅភូមិសែនសុខទី, ទី២៖ ឈ្មោះ នង ដារ៉ា (ហៅប៉ាវ) អាយុ១៧ឆ្នាំ នៅភូមិសែនសុខ, និងទី៣៖ ឈ្មោះ ស៊ឹម ហើយ អាយុ២៣ឆ្នាំ នៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។ នៅកន្លែងកើតហេតុ កម្លាំងនគរបាលបានប្រមូលវត្ថុតាងរួមមានដាវកែច្នៃ១ ដំបងដែកទីប ដំបងឈើ។
លោក គួក សុខហួរ បានបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនភាគីទាំង២ចំនួន ៦នាក់ហើយ កំពុងបន្តតាមចាប់បក្ខពួករបស់ជនសង្ស័យបន្តទៀត៕