(ភ្នំពេញ)៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវរំលាយ បានត្រលប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយពេលចាកចេញទៅសហរដ្ឋអាមេរិករយៈពេល១សប្តាហ៍កន្លងមក។ នេះបើតាមសេចក្តីរាយការណ៍ពី មន្រ្តីនៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។
ការចាកចេញពីប្រទេសកម្ពុជានេះ មិនត្រូវបានប្រភពណាមួយបញ្ជាក់ពីគោលដៅនោះទេ ប៉ុន្តែបានធ្វើឡើងជាបន្តបន្ទាប់ជាមួយបណ្តាមេដឹកនាំ អតីតគណបក្សសង្រ្គោះជាតិដទៃទៀត ក្រោយពេលគណបក្សរបស់ពួកគេ ត្រូវបានតុលាការកំពូលកាត់ទោសរំលាយ បន្ទាប់ពីរកឃើញថា បានប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
សូមបញ្ជាក់ថា មុនចាកចេញពីកម្ពុជានេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតសមាជិកជាន់ខ្ពស់របស់អតីតគណបក្សសង្រ្គោះជាតិ ធ្លាប់បានដាក់ពាក្យប្តឹងសើរើ ដើម្បីតុលាការកំពូល បើកសវនាការឡើងវិញ ចំពោះការសម្រេចរំលាយគណបក្សសង្រ្គោះជាតិ និងកាត់ទោសមិនឱ្យមេដឹកនាំគណបក្សនេះ១១៨រូប ចូលប្រឡូកក្នុងឆាក នយោបាយរយៈពេល៥ឆ្នាំ ម្តងរួចទៅហើយ។
ភ្លាមៗនោះ តុលាការកំពូលកម្ពុជា បានចេញដីកាសម្រេចមួយថា ខ្លួននឹងមិនលើកយកករណី «រំលាយគណបក្សសង្រ្គោះជាតិ» មកជំនុំជម្រះសាជាថ្មីទេ៕