(ភ្នំពេញ)៖ បន្ទាប់ពីមានការសម្រិតសំរាំង យ៉ាងយកចិត្តទុកដាក់ទីបំផុតនោះ សហព័ន្ធស្រូវអង្ករកម្ពុជា បានរកឃើញស្រូវល្អបំផុត៣ប្រភេទ ដែលនឹងត្រូវទទួលពាន់រង្វាន់ជ័យលាភី ក្នុងវេទិកាស្រូវអង្ករកម្ពុជា លើកទី៦ ឆ្នាំ២០១៨ ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨។
ស្រូវល្អបំផុតទាំង៣ប្រភេទនេះ ត្រូវបានចម្រាញ់ចេញពីស្រូវប្រមាណ៤៤សំណាក់មកពីសហគមន៍កសិករ៣៨ ដែលបានដាក់ឲ្យប្រកួតប្រជែង។
ស្រូវដែលនឹងត្រូវទទួលបានទទួលស្គាល់ និងជ្រើសរើសជាស្រូវដែលល្អបំផុត និងត្រៀមទៅទទួលពាន់រង្វាន់រួមមាន៖
១៖ ស្រូវផ្ការំដួល ដែលមានលេខកូដ០៥
២៖ ស្រូវសែនក្រអូប ដែលមានលេខកូដ០៧
៣៖ ស្រូវ IR ដែលមានលេខកូដ០២
ការប្រកួតប្រជែង ដើម្បីជ្រើសរើសស្រូវដែលល្អបំផុតនេះ ធ្វើឡើង នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងអាគារពាណិជ្ជកម្មសូម៉ា ក្រោមអធិបតីភាព លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។
លោក សុខ ពុទ្ធីវុធ បានថ្លែងឲ្យដឹងថា «ថ្ងៃនេះជាកម្មវិធីមួយសំខាន់ សម្រាប់សហគមន៍កសិកម្ម ដែលពួកគាត់ខិតខំប្រឹងប្រែងផលិតស្រូវ ដែលមានគុណភាពខ្ពស់។ ការរៀបចំកម្មវិធីនេះ ធ្វើឡើងដើម្បីទទួលស្គាល់ស្នាដៃរបស់កសិករ ដែលពួកគាត់បានផលិតស្រូវល្អ ក្នុងផ្នែកស្រូវក្រអូប និងស្រូវផ្ការំដួល ដែលនឹងជួយលើកស្ទួយ ឲ្យមានការទទួលស្គាល់ ពីខាងសហព័ន្ធស្រូវអង្ករ និងពីសមាជិកទាំងអស់»។
លោកបានថ្លែងបញ្ជាក់ទៀតថា «វិស័យស្រូវអង្ករកម្ពុជា នៅតែមានអាទិភាព ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ខ្ញុំជឿជាក់ថា នៅថ្ងៃអនាគត អាទិភាពសក្ដានុពល វិស័យស្រូវអង្ករនៅកម្ពុជាកាន់តែកើនឡើង ព្រោះថាតម្រូវការស្បៀងអាហារនៅលើពិភពលោក កាន់តែកើនឡើង យោងតាមការវាយតម្លៃ រយៈពេល១០-២០ ឆ្នាំទៀត តម្រូវការស្បៀងអាហារនៅលើពិភពលោកអាចនឹងមានការខ្វះខាត។ សម្រាប់កម្ពុជា ជាប្រទេសដែល មានសក្ដានុពលខ្លាំង ដូច្នេះវិស័យស្រូវអង្ករ ជាសក្ដានុពលមួយយ៉ាងធំ»៕