(ភ្នំពេញ)៖ ឆាកប្រយុទ្ធគ្នាមួយប្រាវរបស់ក្មេងទំនើងពីរក្រុម ដែលបង្កការភ័យខ្លាចទាំងយប់ ដល់ប្រជាពលរដ្ឋរាប់សិបនាក់ នៅតំបន់ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានបណ្ដាលឲ្យស្លាប់២នាក់ និងរងរបួសផ្សេងទៀត។

អំពើហិង្សាដេញវាយគ្នាយ៉ាងអណាធិបតេយ្យខាងលើនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកប្រតិបត្តិការចុះទៅអន្ដរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ៤នាក់ ដើម្បីបន្ដការសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា កាលពីយប់មិញមុនពេលកើតហេតុ ភាគីម្ខាងដែលមានគ្នា៣នាក់ ស្រីម្នាក់ ជិះម៉ូតូមួយគ្រឿង លុះពេលធ្វើដំណើរមកដល់កន្លែងដែលក្រុមក្មេងស្ទាវម្ខាងទៀត មានគ្នា៥នាក់ ស្រាប់តែទាស់សម្ដីគ្នា រហូតឈានទៅដល់កើតជាអំពើហិង្សា​ដេញវាយ ហើយភា្លមៗនោះ បណ្ដាលឲ្យជនរងគ្រោះម្នាក់ ក្នុងក្រុមជិះម៉ូតូស្លាប់ និងម្នាក់ទៀតរងរបួស។

លោកអធិការបានបន្ដទៀតថា លុះពេលព្រឹកឡើងទើបទទួលដំណឹងថា ភាគីដែលមានគ្នា៥នាក់ ក៏មានម្នាក់បានស្លាប់ផងដែរ នៅក្នុងផ្ទះរបស់ខ្លួនទំនងជារងរបួស នៃការវាយគ្នាទៅវិញទៅមក។

តាមសាក្សីនៅកន្លែងកើតហេតុ ​​មុនកើតហេតុក្រុមដែលមានគ្នា៣នាក់ បានជិះម៉ូតូធន់ធំចូលទៅក្នុងភូមិទួលពង្រ ដើម្បីទិញស្រាផឹក ហើយលុះដល់តូបអ្នកលក់ស្រា គឺក្រុមនោះបានបំ​ពងសម្លេងម៉ូតូឮកងរំពង ស្របពេលក្រុមយុ​វជនដែលមានគ្នា៥នាក់អង្គុយផឹក ហើយសាក្សីបានបន្ថែមទៀតថា បើក្រុមម្នាក់ដែលមានគ្នា៣នាក់ មិនបំពងសម្លេងម៉ូតូឮកងរំពង ២ទៅ៣ដងទេ គឺមិនមានរឿងកើតឡើងនោះឡើយ។

ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យ រួចសាកសពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកជនរងគ្រោះម្នាក់ ត្រូវបានរត់ទៅប្តឹង នគរបាលប៉ុស្តិ៍ចោមចៅ១ ដើម្បីឲ្យជួយស្រាវជ្រាវ ស្រាប់តែដល់ព្រឹកថ្ងៃទី២៦ ខែធ្នូ ស្រាប់តែទទួលព័ត៌មាន ភាគីខាងក្រុមបង្ក ស្លាប់ម្នាក់ដែរនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១។

តាមព័ត៌មាននៅមូលដ្ឋានដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបានបានឲ្យដឹងថា យុវជនដែលស្លាប់ក្នុងក្រុម៥នាក់នោះ មានឈ្មោះ ជឿន បុរី អាយុ១៧ឆ្នាំ ត្រូវបានគេស្គាល់ថា ជាកូនលោក ជឿន សារិទ្ធិ ម្ចាស់សំណង់ផ្ទះល្វែងនៅភូមិទួលពង្រ។

សម្រាប់ករណីនេះ សមត្ថកិច្ចបាននិងកំពុងធ្វើការសួរនាំជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនចង់ដឹងពីដំណើររឿងលម្អិត ដែលឈានទៅដល់ចាត់វិធានការតាមផ្លូវច្បាប់៕