(ភ្នំពេញ)៖ ដោយការយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាផ្ទះសំបែងមានការទ្រុឌទ្រោមច្រើន និងមន្ត្រីក្រោមឱវាទជួបការខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងនោះ លោក ជា ពិសី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងជាអភិបាលខណ្ឌ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ បានដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះសួរសុខទុក្ខ សំណេះសំណាល ដោយនាំយកនូវសម្ភារជាការ៉ូ៣៦កេសធំ តម្លៃ៨០០ដុល្លារ និងគ្រឿងឧបភោគ បរិភោគជាអង្ករ៣០គីឡូក្រាម រួមនិងថវិកាចំនួន៨០០ដុល្លារ សរុបជិត២០០០ដុល្លារ ទៅឧបត្ថម្ភជូនលោកស្រី ទៀង សុផល ចៅសង្កាត់រងឫស្សីកែវទី១ ដើម្បីរួមចំណែក ក្នុងការលើកស្ទួយជួយសាងសង់លំនៅដ្ឋាន ព្រមទាំងជួយផ្គត់ផ្គង់ការខ្វះខាតផ្សេងៗបានមួយចំនួន។
កម្មវិធីមនុស្សធម៌របស់លោក ជា ពិសី នេះដែរ បានធ្វើឡើងក្រោមការចូលរួមដំណើរពីលោកស្រី អាន ផល្លា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ លោក មូល វីរៈ ចៅសង្កាត់ប្ញស្សីកែវ និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ ក្រុមប្រឹក្សាសង្កាត់ សប្បុរសជន ព្រមទាំងយុវជន ក.ក្រ.ក មួយចំនួនផងដែរ។
លោក ជា ពីសី បានថ្លែងថា ដោយសង្កេតឃើញជាក់ស្ដែងពីការលំបាករបស់លោកស្រីទៀង សុផល ចៅសង្កាត់រងទី១ នៃសង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ កំពុងជួបបញ្ហាផ្ទះសំបែងចាស់ទ្រុឌទ្រោម រងការបាក់បែកធ្លុះធ្លាយ ព្រមទាំងជួបការខ្វះខាតផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសទៅទៀតនោះ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្ដាំហើយផ្ដាំទៀត ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ សំខាន់ណាស់ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដោយមិនឲ្យមន្ត្រី ឫប្រជាពលរដ្ឋណាម្នាក់ស្លាប់និងអត់បាយឡើយ៕