(កូរ៉េ)៖ ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ អញ្ជើញថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុមសិល្បៈនានា និងបណ្ដាញស្រ្តីខ្មែរ នៅសាធារណរដ្ឋកូរ៉េសរុបជាង៣០ ដើម្បីជួបពិភាក្សាដកពិសោធន៍ សិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ ជម្រះមន្ទិលសង្ស័យ និងកែលម្អនូវចំណុចខ្វះខាត ក្នុងការបំពេញយុទ្ធនារួមគ្នាជួយដោះស្រាយបញ្ហារបស់ប្រជាជនខ្មែរនៅកូរ៉េ និងការចូលរួមលើកស្ទួយ អភិរក្សមរតកវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ជាតិខ្មែរ ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ។
កិច្ចប្រជុំលើកទី៤ បានប្រព្រឹត្តិទៅនៅចុងសប្តាហ៍នេះ នាទីក្រុងស៊ូវ៉ុន ដឹកនាំដោយ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា និងសហការី ជាមួយនឹងថ្នាក់ដឹកនាំ សមាគម សហគមន៍ មូលនិធិ ក្រុមសិល្បៈនានា និងបណ្ដាញស្រ្តីខ្មែរនៅសាធារណរដ្ឋកូរ៉េប្រមាណ៥០នាក់។
ជាការឆ្លើយតបនឹងសំណូមពររបស់ថ្នាក់ដឹកនាំសមាគម ឯកអគ្គរាជទូតកម្ពុជា លោក ឡុង ឌីម៉ង់ បានសម្រេច៖
*បន្ដយុទ្ធនាការចុះផ្ដល់សេវាបន្ដលិខិតឆ្លងដែន ប្រឹក្សាយោបល់ និងបើកវេទិកាសាធារណៈនៅមូលដ្ឋានឲ្យបានច្រើន និងទៅឲ្យដល់សហគមន៍មូលដ្ឋានដែលនៅឆ្ងាយ
*បន្ដយុទ្ធនាការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ចុះផ្ដល់សេវាពិនិត្យព្យាបាល សុខភាពទូទៅ ពិនិត្យបេះដូង ចាក់វ៉ាក់សាំងការពារផ្ដាសាយ និងថត X-Ray ជូន ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋឲ្យបានច្រើនឡើងបន្ថែមទៀត
*រៀបចំកម្មវិធីអប់រំសីលធម៌ អប់រំផ្លូវចិត្ត តាមបែបព្រះពុទ្ធសាសនា ដើម្បីបំពេញតម្រូវការរបស់សហគមន៍ខ្មែរនៅកូរ៉េ ឲ្យបាន២ដងក្នុងមួយឆ្នាំ ដោយនិមន្ដព្រះសង្ឈដែលប៉ិនប្រសព្វមកពីខ្មែរ
*បន្ដយុទ្ធនាការជួយដោះស្រាយបញ្ហា របស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េឲ្យបានកាន់តែទូលំទូលាយ និងប្រសើរឡើងបន្ថែមទៀត។ល។
ទន្ទឹមនេះ លោក ឡុង ឌីម៉ង់ ក៏បានស្នើត្រឡប់ទៅថ្នាក់ដឹកនាំសមាគម សហគមន៍ មូលនិធិ ឲ្យរៀបចំបង្កើតកម្មវិធីជួបជុំធំ-តូច តាមលទ្ធភាព ដើម្បីអប់រំផ្សព្វផ្សាយពីច្បាប់ការងារ ការថែទាំសុខភាព ការវិនិយោគខុសច្បាប់ ឬការស្វែងរកសេវារត់ការខុសច្បាប់ផ្សេងៗ និងការជម្រុញលើកទឹកចិត្ត ដល់ពលករខ្មែរឲ្យត្រឡប់ទៅកម្ពុជាវិញ ដោយស្របច្បាប់ពេលចប់អាណត្តិការងារ ដើម្បីចូលរួមរក្សាកូតាជ្រើសរើសពលករកម្ពុជាថ្មីបន្ថែមទៀត ហើយក្រុមការងារស្ថានទូត សន្យានឹងចូលរួមតាមគ្រប់រូបភាព។
អង្គប្រជុំទាំងអស់ ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំពិភាក្សា លើការងាររៀបចំមហាសង្រ្កាន្ដខ្មែរនៅកូរ៉េលើកទីពីរ ដែលជាព្រឹត្តិការណ៍វប្បធម៌ ប្រពៃណីធំជាងគេប្រចាំឆ្នាំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕