(ប៉ៃលិន)៖ ក្រុមការងារទី៤ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមការណែនាំពីនាយឧត្តមសេនីយ៍សនិ្តបណ្ឌិត សុខ ផល បានចុះទៅប្រជុំផ្សព្វផ្សាយជាមួយអភិបាលខេត្តប៉ៃលិន ស្ដីពីការផ្សព្វផ្សាយ និងអនុវត្តអនុក្រឹត្យលេខ១២៩អនក្រ.បក លើការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី ដែលជនបរទេសកំពុងកាន់កាប់ប្រើប្រាស់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។
នៅក្នុងពិធីនេះក៏មានការចូលរួមពីលោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកព្រះរាជអាជ្ញា លោកប្រធានសាលាដំបូងខេត្ត លោកប្រធានមន្ទីរការងារខេត្ត លោកស្នងការរងទទួលការងារអន្តោប្រវេសន៍ លោកស្នងការរងទទួលការងារអត្តសញ្ញាណកម្ម លោកស្នងការរងទទួលផែនសន្តិសុខ លោកអភិបាលស្រុក មេឃុំ លោកអធិការនគរបាលស្រុក - លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាល និងប្រធានសមាគមវៀតណាម តំណាងកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា ហើយនឹងបានប្រជុំដោយឡែក ជាមួយលោកស្នងការនគរបាលខេត្តប៉ៃលិន ដើម្បីរៀបចំផែនការចុះអនុវត្ត ដោយបានរៀបចំឯកសារគោល បែងចែកក្រុមការងារ និងកំណត់ទីតាំងចុះអនុវត្ត។
ស្នងការនគរបាលខេត្តប៉ៃលិន បានប្រាប់ដល់អធិការក្រុង-ស្រុក ត្រូវត្រួតពិនិត្យបន្ថែមទៀតទីកន្លែងមួយចំនួន ដែលមានជនបរទេសកំពុងស្នាក់នៅ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយត្រូវដកហូតឯកសារមិនប្រកតីមួយចំនួន ដែលជនបរទេសកំពុងលួចលាក់ប្រើប្រាស់។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានលើកឡើងថា ការអនុវត្តអនុក្រឹតលេខ១២៩ អនក្រ.បក គឺមិនសំដៅតែជនមួយ ឬសញ្ជាតិណាមួយនោះទេ គឺជាការរឹតបណ្តឹងទូទៅរបស់សមត្ថកិច្ចកម្ពុជា ហើយអាជ្ញាធរភូមិ-ឃុំ មន្ត្រីនគរបាលប៉ុស្តិ៍ ត្រូវចូលរួមចំណែកឲ្យសកម្ម និងរាយការណ៍ឲ្យប្រាកដប្រជា ចំពោះជនបរទេសស្នាក់នៅមិនប្រក្រតីតាមមូលដ្ឋាន។
លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ជនបរទេសមិនមែនសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ ហើយជនបរទេសក៏មិនមែនសុទ្ធ តែមនុស្សល្អទាំងអស់នោះដែរ ដូច្នេះការរឹតបន្តឹង គឺធានាបានសន្តិសុខជាតិ និងរឹតបន្តឹងច្បាប់កម្ពុជាឲ្យពិភពលោកបានដឹង ពីអធិបតេយ្យភាពម្ពុជា ដែលជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាគោលណ៍៕