(ភ្នំពេញ)៖ នៅទីបំផុត! មន្ដ្រីសាលាខណ្ឌពោធិ៍សែនជ័យ និងបក្ខពួករបស់ខ្លួនដែលរងចោទប្រកាន់ថា បើករថយន្ដទៅបុកស្ដ្រីម្នាក់កំពុងជិះម៉ូតូ រួចបើករថយន្ដតាមចុះមកលោតធាក់ បណ្ដាលឲ្យរងរបួសថែមទៀតនោះ បានសរសេរលិខិតសុំទោសជាសាធារណៈជូនចំពោះ ស្ដ្រីរងគ្រោះ ព្រមទាំងធ្វើការសម្របសម្រួលគ្នាផងដែរ។
ដោយសារតែការយល់ព្រមលិខិតសុំទោស និងការសម្របសម្រួលបែបនេះ ទើបស្ដ្រីរងគ្រោះយល់ព្រមដកពាក្យបណ្ដឹង ពីសមត្ថកិច្ចមកវិញ។
តែទោះជាយ៉ាងណា សមត្ថកិច្ចនៅតែកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅកាន់តុលាការ ដើម្បីចាត់វិធានការតាមនីតិវិធី ពីព្រោះករណីនេះនៅជាប់បណ្ដឹងអាជ្ញា ដូច្នេះការអនុញ្ញាតដោះលែង ឬយ៉ាងណានោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះថា «តាមការសម្របសម្រួល ខាងភាគីបង្កបានសុំទោស និងយល់ព្រមផ្តល់សំណងជូនស្រ្តីរងគ្រោះ តែទោះបីស្រ្តីរងគ្រោះបានដកពាក្យបណ្តឹងក៏ដោយ ក៏សមត្ថកិច្ចរបស់យើងនៅតែបញ្ជូនសំណុំរឿងទៅកាន់តុលាការដដែល»។
សូមបញ្ជាក់ថា មន្ដ្រីសាលាខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្រ្តីម្នាក់ ហើយខឹងស្រ្តីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង។
ជនសង្ស័យទាំង២នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោយស្រ្តីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ នៅល្ងាចថ្ងៃម្សិលមិញ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប។
ស្រ្តីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។
បន្ទាប់មក នាងក៏លាន់មាត់ជេរបន្តិចបន្តួច ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាម ហើយក៏ទាន់បើកទ្វារចុះមកទាត់ធាក់បណ្តាលឲ្យដួលរងបួសតែម្តង៕