(កំពង់ស្ពឺ)៖ អគ្គនាយរង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក ហាស់ ម៉េងឡុង បានចុះទៅផ្សព្វផ្សាយអនុក្រឹត្យស្តីពីការលុបចោល និងដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រកតីដែលជនបរទេសកំពុងកាន់កាប់-ប្រើប្រាស់ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ។
ក្នុងនោះក៏មានការចូលរួមពី លោក ព្រុំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺ, លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានដកហូតឯកសាររដ្ឋបាលកម្ពុជា មិនប្រកតីបានចំនួន៨៥ករណី ក្នុងនោះមានសៀវភៅស្នាក់នៅ៣៦ក្បាល, សៀវភៅគ្រួសារ០៤ក្បាល, សំបុត្រកំណើតខ្មែរ ១៩ច្បាប់, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២៥ប័ណ្ណ, លិខិតឆ្លងដែន ចំនួន០១ក្បាល ពីជនបរទេសដែលកាន់កាប់ដោយខុសច្បាប់។
លោកឧត្តមសេនីយ៍ស្នងការ ក៏បានប្រាប់ដល់អធិការក្រុង-ស្រុក ត្រូវត្រួតពិនិត្យបន្ថែមទៀតទីកន្លែងមួយចំនួន ដែលមានជនបរទេសកំពុងស្នាក់នៅ និងត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ហើយត្រូវដកហូតឯកសារមិនប្រកតីមួយចំនួន ដែលជនបរទេសកំពុងលួចលាក់ប្រើប្រាស់។
ជាមួយគ្នានោះ លោក ព្រុំ វណ្ណៈ បានលើកឡើងថា ការអនុវត្តអនុក្រឹតលេខ១២៩ អនក្រ.បក គឺមិនសំដៅតែជនមួយ ឬសញ្ជាតិណាមួយនោះទេ គឺជាការរឹតបណ្តឹងទូទៅរបស់សមត្ថកិច្ចកម្ពុជា ហើយអាជ្ញាធរភូមិ-ឃុំ មន្ត្រីនគរបាលប៉ុស្តិ៍ ត្រូវចូលរួមចំណែកឲ្យសកម្ម និងរាយការណ៍ឲ្យប្រាកដប្រជា ចំពោះជនបរទេសស្នាក់នៅមិនប្រក្រតីតាមមូលដ្ឋាន។
លោកអភិបាលរង បានសង្កត់ធ្ងន់ថា ជនបរទេសមិនមែនសុទ្ធតែមនុស្សអាក្រក់ទាំងអស់នោះទេ ហើយជនបរទេសក៏មិនមែនសុទ្ធ តែមនុស្សល្អទាំងអស់នោះដែរ ដូច្នេះការរឹតបន្តឹង គឺធានាបានសន្តិសុខជាតិ និងរឹតបន្តឹងច្បាប់កម្ពុជាឲ្យពិភពលោកបានដឹង ពីអធិបតេយ្យភាពម្ពុជា ដែលជាប្រទេសនីតិរដ្ឋប្រកាន់ច្បាប់ជាគោលណ៍៕