(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម ដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីព័ត៌មានរបស់ខ្លួន សម្រាប់ទូរស័ព្ទចល័ត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម។
លោករដ្ឋមន្ដ្រី ប៉ាន សូរស័ក្ដិ បានលើកឡើងថា កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ក្រសួងពាណិជ្ជកម្ម ជាគំនិតផ្តួចផ្តើម និងជា ផ្នែកមួយនៃយុទ្ធសាស្ត្រទំនាក់ទំនងសារធារណៈ ដើម្បីជំរុញលំហូរព័ត៌មានរបស់ក្រសួងទៅដល់ដៃសាធារណជនគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
បើតាមលោករដ្ឋមន្ដ្រី កម្មវិធីព័ត៌មានសម្រាប់ទូរស័ព្ទចល័តរបស់ ក្រសួងពាណិជ្ជកម្មនេះ នឹងរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងការចែកចាយ ព័ត៌មានកាន់តែទូលំទូលាយ ស្តីពីសកម្មភាពការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ និងមន្ត្រីនៅក្នុង ក្រសួងពាណិជ្ជកម្ម ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាននាពេលកន្លងមក ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានជ្រាបកាន់តែច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់ក្រសួងពាណិជ្ជកម្ម ដូចជាការចរចារនៅក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ទ្វេភាគី និងពហុភាគី ការកសាងសមត្ថភាពស្ថាប័ន ការរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាន គតិយុត្តិនៅក្រោមវិស័យពាណិជ្ជកម្ម ការបំពេញកាតព្វកិច្ចរបស់កម្ពុជាក្នុងនាមជា ប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច នៅក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម ដើម្បីជំរុញផលិតផលខ្មែរ និងការធ្វើពិពិធកម្មទីផ្សារថ្មីៗ ដើម្បីធ្វើសមារហកម្មទំនិញកម្ពុជា ចូលទៅក្នុងទីផ្សារក្នុងតំបន់ និងពិភពលោកជាដើម។ល។
ព័ត៌មានស្តីអំពីសមិទ្ធផលការងារទាំងអស់នេះ មិនត្រឹមតែជាកញ្ចក់ឆ្លុះបញ្ចាំងអំពីកិច្ច ប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម និងរាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាចំណេះដឹងយ៉ាងល្អ សម្រាប់និស្សិត បញ្ញាវន្ត អ្នកសារព័ត៌មាន សេដ្ឋវិទូ និងអ្នកសិក្សាស្រាវជ្រាវទូទៅផងដែរ ដើម្បីយកធ្វើជាឯកសារយោងសម្រាប់ជំនួយក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ បន្ថែមគឺអាចដកស្រង់ ព័ត៌មាន និងលិខិតបទដ្ឋាន គតិយុទ្ធនានាដែលតម្ដល់ក្នុងគេហទំព័រ ព្រមទាំងធ្វើ Comment ឬ Like ជាមួយគណនី Facebook របស់ក្រសួងពាណិជ្ជកម្ម ដោយមានការភ្ជាប់ជាស្វ័យប្រវត្តិ ជាមួយកម្មវិធីព័ត៌មានទូរស័ព្ទចល័តនេះជាស្រេច។
សូមជម្រាបថា កម្មវិធីព័ត៌មាន ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅពេលនេះ គឺអាចដំណើរការនៅលើ ប្រព័ន្ធប្រតិបត្តិការ Android ជាមុនសិន ដោយអាចស្វែងរកបាននៅក្នុង Play Store ដោយប្រើពាក្យ «Ministry of Commerce Cambodia» ហើយនៅក្នុងពេលឆាប់ៗខាងមុខនេះ មន្ត្រីបច្ចេកទេស របស់ក្រសួងពាណិជ្ជកម្ម នឹងធ្វើការអភិវឌ្ឍន៍កម្មវិធីនេះបន្តទៀត ដើម្បីដំណើរការលើប្រព័ន្ធប្រតិបត្តិការ IOS ថែមទៀត៕
http://image.freshnewsasia.com/2017/010/fn-2017-12-26-11-27-06-8.jp